គីម ច័ន្ទជីញហ្វា បវរកញ្ញាវ័យក្មេងដែលតំណាងឱ្យប្រទេសកម្ពុជាបានឈ្នះមកុដ Miss Pre Teen Global 2026 នៅលើឆាកអន្តរជាតិដែលប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Kids & Teens Pageant Global 2026។ ក្រៅពីឈ្នះមកុដធំឈុតតំណាងជាតិរបស់ ជីញហ្វា មានឈ្មោះ ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត ក៏ដណ្តើមបានជ័យជម្នះផងដែរ។

នារាត្រីថ្ងៃទី៩ ខែមេសា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Kids & Teens Pageant Global 2026 បានរកឃើញម្ចាស់ជ័យលាភីធំៗទៅលើ Titel ចំនួន៤ហើយមានទាំងអ្នកតំណាងឱ្យឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ក្នុងការប្រកួតនៅឯប្រទេសម៉ាឡេស៊ីនេះ គីម ច័ន្ទជីញហ្វា Miss Preteen Global Cambodia 2025 បានប្រកួតឈ្នះបវរកញ្ញាវ័យក្មេងដទៃទៀតដោយគ្រងមកុដជា Miss Pre Teen Global 2026 ។ ក្រៅពីការឈ្នះមកុដនេះ គីម ច័ន្ទជីញហ្វា បានឈ្នះពានរង្វាន់ចំនួន៣ផ្សេងទៀតរួមមាន Best Nation Costume, Best introduction Video និង Best in Social Media។

នៅក្នុងការប្រកួត Kids & Teens Pageant Global 2026 ជីញហ្វា បាននាំយកឈុតតំណាងជាតិ
«ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត» ដែលជាឈុតច្នៃម៉ូតបែបសហសម័យនិង អំណាចនៃសត្វបក្សីក្នុងព្រេងនិទាន។ តាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់បវរកញ្ញាវ័យក្មេងរូបនេះ តួមកុដនៅលើក្បាលមានពាក់មកុដរាងខ្ពស់ស្រួចពណ៌មាស ដែលមានកាំរស្មីជុំវិញដូចពន្លឺព្រះអាទិត្យ បង្ហាញពីភាពរុងរឿង និងឧត្តមភាព។ 
គ្រឿងអលង្ការផ្នែកខាងលើមានការរចនាជាគ្រឿងអលង្ការមាសស្រោបខ្លួន ជាមួយនឹងអាវដែលមានរាងជាស្លាបបក្សីយ៉ាងផ្ចិតផ្ចង់។ មានពាក់គ្រឿងអលង្ការនៅដើមដៃ និងកដៃដែលមើលទៅរឹងមាំតែទន់ភ្លន់។ សត្វហង្ស ឬភីនីក (Phoenix) នៅលើដៃខាងស្តាំ មានរូបសត្វហង្សមាសដ៏ធំមួយដែលមានពន្លឺភ្លើងឆេះសន្ធោសន្ធៅ ចេញពីស្លាប និងកន្ទុយ។ វាជានិមិត្តរូបនៃ ការកើតជាថ្មី និង ភាពអមតៈ។
ការទទួលបានមកុដនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនសម្តែងការអបអរសាទរចំពោះជ័យលាភីរបស់កូនខ្មែរនៅលើឆាកអន្តរជាតិ។ ក្រៅពី ជីញហ្វា ស៊ីផាត ឡារីណា Little Miss Cambodia ទទួលបានពានរង្វាន់ Little Miss Global Rising Star 2026។
ជាការកត់សម្គាល់របស់ទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាការប្រកួតបវរកញ្ញាវ័យក្មេងជារឿយៗតែងតែទទួលបានលទ្ធផលជាទីគាប់ប្រសើរនៅលើឆាកអន្តរជាតិទទួលបានមកុដធំនៅក្នុងការប្រកួត ដែលអាចបញ្ជាក់បានថាវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើនទៅៗជាពិសេសធនធានជំនាន់ក្រោយៗគឺធ្វើបានល្អជាទីគាប់ប្រសើរគួរទីមោទនភាពសម្រាប់ប្រទេសកម្ពុជា៕










