តារាចម្រៀងនិងជា Captain វីតូ បានបង្ហាញពីមូលហេតុទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាលោកមិនចង់ចូលរួមកម្មវិធីសង្ក្រាន្តតាមសាលាដោយសារតែពុំដែលជួបបទពិសោធន៍ល្អឡើយ។

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូរបស់តារាចម្រៀង វីតូ បាននិយាយពីមូលហេតុដែលអ្នកគាំទ្រពុំបានឃើញលោកចូលរួមកម្មវិធីសង្ក្រាន្តតាមសាលាដូចសិល្បករមួយចំនួន។ តារាចម្រៀងដែលមានឈ្មោះពិតថា ឯក ផែន បានលើកឡើងថាកាលពីមុនលោកបើកចំហសប្បាយៗជាមួយនឹងកម្មវិធីតាមសាលាប៉ុន្តែបទពិសោធន៍ដែលលោកបានទៅពុំដែលមានល្អសោះតែម្តង។

Captain វីតូ ពន្យល់ថា អ្នករៀបចំមានអាយដលរៀងខ្លួនហើយពេលលោកទៅស្ថិតនៅក្នុងលំដាប់ល្មមៗហាក់ដូចជាបង្គ្រប់ក្នុងកម្មវិធីប៉ុណ្ណោះ។ វីតូ បន្តទៀតថាពេលលោកទៅចូលរួមកម្មវិធីតាមសាលាលោកមានអារម្មណ៍ថាមនុស្សជុំវិញខ្លួន អ្នករៀបចំកម្មវិធី មិនទទួលស្វាគមន៍ គ្មានភាពកក់ក្តៅ និងទទួលបានអារម្មណ៍ថាមិនសូវរវីរវល់ជាមួយខ្លួន។ ហេតុផលទាំងនេះធ្វើឱ្យលោកមានអារម្មណ៍ថាបាក់ទឹកចិត្ត មិនចង់ឱ្យខ្លួនឯងទទួលរងសម្ពាធបែបនេះតទៅទៀត ដូច្នេះហើយទើបបានជាពេលនេះលោកមិនចង់ច្រៀងតាមកម្មវិធីសង្ក្រាន្តសាលាទៀតនោះទេ។ 
វីតូ ក៏បាននិយាយទៀតថា ការទៅច្រៀងមួយឆាកៗមិនមែនទៅទទេកើតនោះទេ គឺត្រូវការធ្វើដំណើរ ត្រូវការហូបចុក តុបតែងខ្លួនសំលៀកបំពាក់ ក្រុមការងារ ហើយការទៅច្រៀងនោះគឺមិនយកលុយដោយសារតែក្តីស្រលាញ់ប៉ុន្តែបែរជាទទួលបានមកវិញនូវការខកចិត្ត។
គួរឱ្យដឹងថាថ្មីៗនេះ វីតូ ទើបបញ្ចេញស្នាដៃបទចម្រៀងថ្មីមានចំណងជើងថា «ត្រែះ» ។ លោកគឺជាមនុស្សម្នាក់ដែលខ្លាំងខាងភ្លេងនិងបានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត៕










