កុំថាឡើយយល់ព្រមតាមសំណើររបស់សហរដ្ឋអាមេរិកទាំង ១៥ចំណុច សូម្បីតែបទឈប់បា.ញ់រយៈពេល ៤៥ថ្ងៃ ដែលស្នើដោយអាមេរិក តាមរយៈប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលនោះ ក៏អ៊ីរ៉ង់មិនយល់ព្រមតាមដែរ។ ការណ៍នេះបានធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ក្រពុលមុខជាខ្លាំងដល់ថ្នាក់ចេញសារគំរា.មវា.យ«ប្រទេសទាំងមូល»ឲ្យរលាយបាត់ ប្រសិនបើទីក្រុងតេអេរ៉ង់នៅចចេសជាមួយអាមេរិក។

យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអង្គារ ទី៧ ខែមេសា លោក ដូណាល់ត្រាំ បានថ្លែងនៅឯសេតវិមាន ដោយអះអាងថា យោធាអាមេរិកអាចវាយប្រហារអ៊ីរ៉ង់ «ក្នុងរយៈពេលត្រឹមតែមួយយប់» ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជារោងចក្រថាមពល និងស្ពាន ប្រសិនបើការចរចាបរាជ័យ។ ការព្រមាននេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបដិសេធផែនការសន្តិភាពដែលបានស្នើឡើង ដោយទាមទារឱ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
យោងតាមកាសែត Reuters ប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនក៏ចង់បានការបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែរ ប៉ុន្តែបានបដិសេធសំណើឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ ព្រោះតែអ៊ីរ៉ង់មិនទុកចិត្ត និងយល់ថាបទឈប់បាញ់រយៈពេលខ្លី អាចអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រមូលផ្តុំគ្នាឡើងវិញ។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់កំពុងទាមទារឱ្យមានការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ជាមួយនឹងការធានាសន្តិសុខរយៈពេលវែង។.jpg)
មន្ត្រីដែលចូលរួមក្នុងការសម្របសម្រួលបាននិយាយថា ការមិនចុះសម្រុងគ្នានេះបានធ្វើឱ្យការទូតនៅនាទីចុងក្រោយជាប់គាំង ទោះបីជាមានការចរចាជាបន្តបន្ទាប់តាមរយៈអ្នកសម្របសម្រួលដូចជាប៉ាគីស្ថាន និងតួអង្គក្នុងតំបន់ផ្សេងទៀតក៏ដោយ។
ជាមួយគ្នានេះដែរ លោក ត្រាំ ថែមទាំងបានកំណត់ថ្ងៃឱសានវាទដ៏រឹងមាំថ្មីមួយ ដែលត្រូវបានគេរាយការណ៍ថាក្នុងរយៈពេលប៉ុន្មានម៉ោងទៀត ដោយព្រមានអំពីសកម្មភាពយោធា «ដែលមិនធ្លាប់មានពីមុនមក» ជាមួយនឹងផែនការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។.jpg)
ស្ថានភាពនេះបានបង្កើនការភ័យខ្លាចនៃការកើនឡើងយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ខណៈដែលការវាយប្រហារ និងការសងសឹកទៅវិញទៅមកនៅតែបន្តនៅទូទាំងតំបន់។ ដោយសារមានមនុស្សរាប់ពាន់នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងភាពតានតឹងកើនឡើង មេដឹកនាំនានានៅជុំវិញពិភពលោកកំពុងតាមដានយ៉ាងដិតដល់ដើម្បីអ៊ុតមើលថាតើយន្តការការទូតអាចទទួលបានជោគជ័យឬអត់ ឬប្រសិនបើឱសានវាទរបស់លោក Trump ផុតកំណត់ វានឹងបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយដល់កម្រិតណា៕










