ក្នុងនាមជាខ្មែរលឺហើយឈឺផ្សារហួសថ្លែង! យោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានប្រាប់ឱ្យដឹងថា ការស្ដារប្រាសាទព្រះវិហារឡើងវិញបន្ទាប់ពីការបំផ្លា.ញដោយយោធាថៃ នឹងត្រូវចំណាយប្រាក់រាប់សិបលានដុល្លារ ហើយថែមទាំងអាចប្រើពេលរហូតពី ២០ ទៅ ៣០ឆ្នាំឯណោះដើម្បីឱ្យសំណង់បេតិកភណ្ឌនេះងើបឈររឹងមាំឡើងវិញ។

យោងតាមប្រសាសន៍ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមេសានេះ បានឱ្យដឹងថា គ្រាន់តែដំណាក់កាលស្តារប្រាសាទព្រះវិហារដែលបែកបាក់ ដោយសារការវាយប្រហារពីយោធាថៃមកវិញ អាចនឹងត្រូវចំណាយពេលពី៥ ទៅ១០ឆ្នាំ ខណៈការជួសជុលនិងអភិរក្សគឺមានភាពស្មុគស្មាញដែលទាមទាររយៈពេលយូរ រហូតឡើងដល់ពី ២០ទៅ៣០ឆ្នាំ និងត្រូវចំណាយថវិការខ្ទង់រាប់លានដុល្លារបន្ថែមទៀត។

ក្រៅពីថវិកាដ៏ច្រើនមហាសាល និងពេលវេលារាប់ទសវត្សន៍ដើម្បីស្ដារឡើងវិញនូវប្រាសាទព្រះវិហារ លោក គង់ ពុទ្ធិការ បានសង្កត់ធ្ងន់ថា សន្តិភាព គឺជាកត្តាចម្បងបំផុតសម្រាប់កិច្ចការងារនេះ។ រីឯជំហានដំបូងដែលត្រូវធ្វើជាដាច់ខាត គឺការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់ប្រាសាទ ដើម្បីធានាសុវត្ថិភាពដល់ក្រុមការងារជំនាញដែលត្រូវចុះទៅបំពេញភារកិច្ចជួសជុល។

គួរជម្រាបថា មុនប្រាសាទព្រះវិហាររងការខូចខាត កម្ពុជាបានខិតខំប្រឹងប្រែងអភិរក្សប្រាសាទនេះអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពី២០០៦រហូតមកដល់ឆ្នាំ២០២៥។ ទំហំនៃការបំផ្លិចបំផ្លាញរបស់យោធាថៃមកលើប្រាសាទព្រះវិហារក្នុងឆ្នាំ២០២៥ គឺជាការបំផ្លាញយ៉ាងខ្ទេចខ្ទី នូវអ្វីដែលកម្ពុជាប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារកន្លងមក និងបង្កការខូចខាតដល់របស់ដើមដែលមានស្រាប់ ហើយការខូចខាតមានទំហំធំធេងណាស់។ 
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការអន្តរជាតិ ICC ព្រះវិហារ ដើម្បីស្វែងរកការគាំទ្រ និងបច្ចេកទេសបន្ថែមក្នុងការអភិរក្ស និងលើកតម្លៃប្រាសាទភ្នំដ៏ស័ក្តិសិទ្ធិមួយនេះ ឱ្យជៀសផុតពីហានិភ័យនៃការដួលរលំបន្ថែមទៀត៕










