តារាចម្រៀង ណាន វីសារ បានសំណូមពរដល់អ្នកធ្វើដំណើរដោយឡានគួរតែផ្តល់អាទិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូក្នុងអាកាសធាតុក្តៅខ្លាំងបែបនេះ។ ការចេញមកសំណូមពរបែបនេះដោយសារតែ វីសារ បានជួបហេតុការផ្ទាល់ភ្នែកដោយឃើញអ្នកជិះឡានខំប្រឹងប្រជែងជាមួយនឹងម៉ូតូប្រញាប់ជាងអ្នកជិះម៉ូតូទៅទៀត។
នៅលើ Story តារាចម្រៀង ណាន វីសារ អតីតបេក្ខជនលេចធ្លោមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានបង្ហោះថា «ក្នុងអាកាសធាតុក្តៅបែបនេះខ្ញុំសូមសំណូមពរដល់បងប្អូនដែលបើកឡានសូមមេត្តាយោគយល់ដល់អ្នកជិះម៉ូតូផង។ មុននេះខ្ញុំឈប់ចាំស្តុប ហើយឃើញប្អូនស្រី ម្នាក់ឈប់ចាំដូចគ្នា ប្រហែលមួយនាទីក្រោម ថ្ងៃក្តៅខ្លាំង តែពេលស្តុបពណ៌បៃតង មានឡានមួយប្រញ៉ាប់រុលទៅមុខរហូតដល់កៀរប្អូនស្រីនោះ»។
តារាចម្រៀងរូបនេះលើកឡើងទៀតថា «មិនដឹងថាឡាននោះប្រញាប់ប៉ុណ្ណាឡើយតែមេឃក្តៅចឹងអ្នកជិះម៉ូតូអត់មានអីការពារកម្ដៅទេ។សូមបើកបរដោយ ប្រុងប្រយ័ត្ន និងគិតគូរគ្នាបន្តិច ព្រោះ សុវត្ថិភាព គឺសំខាន់ជាងការប្រញាប់»។ 
គួរជម្រាបជូនថាបើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ 
ណាន វីសារ បានធ្វើឱ្យទស្សនិកជនស្ងប់ស្ញែងយ៉ាងខ្លាំងកាលពីកន្លងមកនេះបន្ទាប់ពីលោកបានប្រើប្រាស់សំឡេងរបស់ខ្លួនជិះម៉ូតូឆ្លងកាត់ចំនួន៨ខេត្ត ឆ្លងកាត់ហាលក្តៅហាលខ្យល់ដើម្បីគៀងគរថវិកាជួយដល់ប្រទេសជាតិក្នុងពេលដែលថៃឈ្លានពានទឹកដីកម្ពុជា។ ដើម្បីតបស្នងនិងការដឹងគុណដល់កងកម្លាំងជួរមុខដែលបានពលី ណាន វីសារ ថែមទាំងកោរសក់ទៀតផង៕










