បន្ទាប់ពីពួតដៃគ្នាបង្ហាញពីតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរពេលនេះបវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បានធ្វើឱ្យអ្នកគាំទ្រសម្តែងការកោតសរសើរនៅពេលពួកគេបានបំផុសគំនិតនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ស្វាដណ្តើមស្លឹកឈើ ក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។

តាមប្រសាសន៍របស់ថ្នាក់ដឹកនាំពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។

ស្របពេលក្នុងឆ្នាំនេះពុំមានការលេងបាញ់ទឹកនិងបាតម្សៅ គេបានឃើញបវរកញ្ញាខ្មែរ៥រូបបានបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរលើកស្ទួយពិធីបុណ្យចូលឆ្នាំខ្មែរនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បាននាំគ្នាស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនបង្កបរិយាកាសសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ និងស្វាដណ្តើមស្លឹកឈើ។

វីដេអូនេះបានជំរុញឱ្យមានមតិសរសើរជាច្រើនមកកាន់ពួកគេហើយការបង្ហាញនេះនឹងជះឥទ្ធិពលបន្ថែមក្នុងការឱ្យយុវជន យុវនារី ខ្មែរងាកមកលេងល្បែងកម្សាន្តបែបនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាតដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាល្បែងប្រជាប្រិយខ្មែរផ្សេងទៀត៕









