អ្នកណាខ្លះមានក្ដីស្រមៃចង់រស់នៅឲ្យបានលើសពី 100ឆ្នាំ? ឥឡូវនេះវាអាចនឹងក្លាយមកជាការពិតបានហើយ ឲ្យតែអ្នកមានធនធានចំណាយគ្រប់គ្រាន់ ព្រោះបើតាមលទ្ធផលសិក្សារបស់អ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះបានបង្ហាញថា ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់ត្រីបាឡែនមួយប្រភេទអាចជួយទប់ស្កាត់ភាពចាស់របស់មនុស្សបាន ហើយគេជឿជាក់ថា ថ្ងៃណាមួយមនុស្សអាចរស់នៅបានរហូតដល់ 200 ឆ្នាំបានដោយប្រើប្រូតេអ៊ីនទាំងនេះ។
.jpg)
យោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យា The MES Times និង NDTV បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសិក្សាអំពីត្រីបាឡែន Bowhead ជាប្រភេទសត្វដែលគេស្គាល់ថារស់នៅបានដល់ជាងពីរសតវត្ស មានផ្ទុកនូវសារធាតុជីវសាស្រ្តពិសេសដែលការពារពួកគេពីជំងឺកាចសាហាវដូចជាមហារីក, ជួសជុល DNA ដែលខូចខាត និងពន្យាភាពចាស់ច្រើនជាងថនិកសត្វដទៃប្រហែលជាង 100 ដង។.jpg)
ដើម្បីសាកល្បងលើរបកគំហើញថ្មីនេះឲ្យកាន់តែលម្អិតបន្ថែមទៀត អ្នកវិទ្យាសាស្ត្របានយកប្រូតេអ៊ីនរបស់ត្រីបាឡែនប្រភេទនេះទៅដាក់បញ្ចូលជាមួយកោសិកាមនុស្ស និងសត្វ ដែលក្រោយមកលទ្ធផលបានបង្ហាញពីការជួសជុល DNA កាន់តែប្រសើរឡើងចំពោះកោសិកាមនុស្ស ហើយចំពោះសត្វរុយថែមទាំងអាចរស់នៅបានយូរជាធម្មតាទៀតផង។.jpg)
ទន្ទឹមនឹងការរកឃើញនេះ អ្នកវិទ្យាសា្រស្តចាត់ទុកថាវាជាលទ្ធផលដ៏ត្រចះត្រចង់មួយដែលអាចបើកលទ្ធភាពថ្មីសម្រាប់ការស្រាវជ្រាវនាពេលអនាគត ដែលមានគោលបំណងបន្ថយដំណើរការចាស់ និងអាចពន្យារអាយុកាលរបស់មនុស្សលោក។ តែទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រក៏បានសង្កត់ធ្ងន់ផងដែរថា ការស្រាវជ្រាវនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយការអនុវត្តជាក់ស្តែងសម្រាប់មនុស្សអាចចំណាយពេលច្រើនឆ្នាំសម្រាប់ការធ្វើតេស្ត និងការអភិវឌ្ឍបន្ថែមទៀត។
តទៅនៅថ្ងៃអនាគត ប្រសិនបើការសាកល្បងលើមនុស្សទទួលបានជោគជ័យ នោះពិភពលោកអាចទទួលបានអត្ថប្រយោជន៍ធំៗជាច្រើន ព្រោះអាយុកាលវែងអាចអនុញ្ញាតឱ្យមនុស្សមានពេលវេលាកាន់តែច្រើនសម្រាប់ការអប់រំ ការច្នៃប្រឌិត និងការកសាងបទពិសោធន៍ ដែលអាចនាំឱ្យមានវឌ្ឍនភាពវិទ្យាសាស្ត្រលឿនជាងមុន សេដ្ឋកិច្ចកាន់តែរឹងមាំ និងចំណេះដឹងកាន់តែស៊ីជម្រៅពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏នឹងផ្ដល់មកនូវបញ្ហាធំៗសម្រាប់សង្គមជាច្រើនផងដែរ។
ដូច្នេះចុះសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរ? តើចង់រស់នៅឲ្យបានរហូតដល់ 200 ឆ្នាំដូចត្រីបាឡែននេះដែរឬទេ? ហើយព្រោះហេតុអ្វី?










