នៅលើពិភពលោកនេះ មានទីតាំង៩កន្លែងប៉ុណ្ណោះដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាជាដាច់ខាត ដើម្បីសុវត្ថិភាព អភិរក្ស និងថែរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានយកមកតម្កល់នៅក្នុងនោះ ។ តើហេតុអ្វីមិនឱ្យចូលមើលដូច្នេះ? តើទីកន្លែងទាំងនេះស្ថិតនៅប្រទេសណាខ្លះ? និងមានអ្វីជាអាថ៌កំបាំងលាក់ការណ៍បែបណាទៅ បានជាមិនបើកទទួលភ្ញៀវទេសចរ ឬបុគ្គលធម្មតាៗគ្មានសិទ្ធិចូលមើលដូច្នេះ?

ថ្ងៃនេះ សារព័ត៌មាន KBN News សូមលើកយកទីតាំងទាំង៩កន្លែងដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាជាដាច់ខាត ៖
១-កោះពស់វែក ស្ថិតនៅមហាសមុទ្រអាត្លង់ទិក ប្រទេសប្រេស៊ីល ៖ កោះ Ilha da Queimada Grande ឬត្រូវបានគេស្គាល់ថា កោះពស់វែក គឺជាជម្រករបស់ពស់វែក Golden Lancehead Pit Viper មានពិសខ្លាំង ហើយមានតែកោះនេះមួយគត់ដែលមានពស់ប្រភេទនេះរស់នៅ ទើបកងទ័ពជើងទឹកប្រេស៊ីលបិទកោះហាមមនុស្សទូទៅចូលតាំងពីឆ្នាំ១៩២០ ដើម្បីសុវត្ថិភាព និងថែរក្សាពូជពស់កម្រ ។

២-កោះ Surtsey ស្ថិតនៅប្រជុំកោះ Vestmannaeyjar នៃឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីស្លង់ ៖ កោះភ្នំភ្លើងនេះបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រកាលពីឆ្នាំ១៩៦០ បច្ចុប្បន្ន អាជ្ញាធរអ៊ីស្លង់អនុញ្ញាតឱ្យតែក្រុមអ្នកស្រាវជ្រាវតិចតួចប៉ុណ្ណោះមានសិទ្ធិចូលកោះ ដើម្បីការពារមិនឱ្យមនុស្សទូទៅយកគ្រាប់ពូជ ឬចម្លងមេរោគអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីកំពុងលូតលាស់លើកោះ និងការលូតលាស់ធម្មជាតិ ។

៣-ល្អាង Lascaux Caves ស្ថិតនៅក្បែរភូមិ Montignac ភាគនិរតីប្រទេសបារាំង ៖ ល្អាងនេះពោរពេញដោយផ្ទាំងគំនូរបុរាណរហូតដល់ជាង៦០០ផ្ទាំង ក្នុងនោះផ្ទាំងគំនូរខ្លះមានអាយុកាលរហូតដល់២ម៉ឺនឆ្នាំ ។ ការប្រទះឃើញល្អាងនេះកាលពីឆ្នាំ១៩៤០ ធ្វើឱ្យមនុស្សម្នាសម្រុកចូលទស្សនាបណ្តាលឱ្យខូចខាតគំនូរ ទើបមន្ត្រីបារាំងសម្រេចបិទល្អាងនេះជារៀងរហូតតាំងពីឆ្នាំ១៩៦៣ ដើម្បីថែរក្សាមរតកដ៏មានតម្លៃ ។

៤-ផ្លូវរូងក្រោមដី Doomsday Vault ស្ថិតនៅកោះ Spitsbergen ប្រទេសន័រវេស ៖ ទីកន្លែងនេះបង្កើតឡើងនៅតំបន់អាកទិកដើម្បីប្រមូលគ្រាប់ពូជរុក្ខជាតិជាង១លាន ៣សែនប្រភេទនៅទូទាំងពិភពលោក សម្រាប់ពេលផែនដីរលាយ ។ ផ្លូវរូងក្រោមដីនេះមិនអនុញ្ញាតឱ្យមនុស្សធម្មតាចូលដាច់ខាតដើម្បីការពារការចម្លងរោគជីវសាស្ត្រ ខណៈនៅតំបន់ជុំវិញជាជម្រកសត្វខ្លាឃ្មុំទឹកកកដ៏កាចសាហាវ ។

៥-ទីបញ្ចុះសាកសព Tomb of Qin Shi Huang ស្ថិតនៅតំបន់ឡីនទុង ទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ៖ កន្លែងនេះសម្បូរដោយរូបសំណាកកងទ័ពចិនធ្វើពីដីឥដ្ឋដែលត្រូវបានរកឃើញកាលពីឆ្នាំ១៩៧៤ ក្នុងនោះក៏មានផ្នូររបស់អធិរាជស្តេចចិនទី១ដែរ ប៉ុន្តែគ្មានការជីកកកាយ ។ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យជីកកកាយឡើយ ក្រោមហេតុផលប៉ះពាល់វប្បធម៌ និងបារម្ភពីបារតយ៉ាងច្រើនហូរចេញមកក្រៅប៉ះពាល់បរិស្ថាន ។

៦-ទីក្រុងសម្ងាត់លេខ៤០ ស្ថិតនៅជួរភ្នំ Ural ប្រទេសរុស្ស៊ី ៖ ទីក្រុង Ozyorsk ឬទីក្រុងលេខ៤០ គឺជាទីតាំងអាវុធនុយក្លេអ៊ែរសម្ងាត់របស់សហភាពសូវៀតដែលបង្កើតកាលពីឆ្នាំ១៩៤៧ ហើយទីនេះធ្លាប់ផ្ទុះកាកសំណល់វិទ្យុសកម្មយ៉ាងខ្លាំង ។ បច្ចុប្បន្ន ទោះជាមានមនុស្សធ្វើការ និងរស់នៅទីក្រុងនេះជាង៨ម៉ឺននាក់ ប៉ុន្តែជាទីក្រុងបិទទ្វារហាមបុគ្គលខាងក្រៅចូល ។
.jpg)
៧-កោះ North Sentinel ស្ថិតនៅឈូងសមុទ្រ Bengal ភាគខាងលិចប្រជុំកោះ Andaman ប្រទេសឥណ្ឌា ៖ គឺជាកន្លែងរស់នៅរបស់ក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិច ដែលគ្មានទំនាក់ទំនងជាមួយមនុស្សខាងក្រៅរាប់ម៉ឺនឆ្នាំមកហើយ ។ ក្រុមកុលសម្ព័ន្ធ Sentine North នឹងបាញ់ធ្នូទៅកាន់ជនប្លែកមុខដែលព្យាយាមចូលក្បែរកោះ ទើបរដ្ឋាភិបាលឥណ្ឌាបង្កើតច្បាប់ហាមចូលកោះដាច់ខាតដើម្បីការពារជីវិតពីការវាយប្រហាររបស់ក្រុមកុលសម្ព័ន្ធ ។
៨-កោះ Niʻihau ស្ថិតនៅប្រជុំកោះហាវ៉ៃ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ៖ ជាកោះមានទំហំធំលំដាប់ទី៧ នៅរដ្ឋហាវ៉ៃ និងជាកម្មសិទ្ធិឯកជនដែលត្រូវបានទិញដោយគ្រួសារត្រកូល Sinclair នៅឆ្នាំ១៨៦៤ ។ ម្ចាស់កោះនេះផ្តោតលើការអភិរក្សរុក្ខជាតិ និងរបៀបរស់នៅបែបប្រពៃណី ទើបមិនអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តកោះ លើកលែងតែភ្ញៀវទទួលការអញ្ជើញ និងកងទ័ពជើងទឹកអាមេរិក ។
.jpg)
៩-ភ្នំថ្មភក់ Uluru ស្ថិតនៅចំកណ្តាលដែនដីភាគខាងជើងប្រទេសអូស្ត្រាលី ក្នុងឧទ្យានជាតិ Uluru-Kata Tjuta ៖ ភ្នំនេះជាកន្លែងស័ក្តិសិទ្ធិ និងមានសារៈសំខាន់ខាងវិញ្ញាណសម្រាប់ជនជាតិដើម Aboriginal ។ បច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានប្រគល់សិទ្ធិគ្រប់គ្រងទៅឱ្យជនជាតិដើមភាគតិច និងបង្កើតច្បាប់ហាមឡើងភ្នំនេះ ប៉ុន្តែភ្ញៀវទេសចរអាចទស្សនាភាពស្រស់ស្អាតរបស់ភ្នំពីចម្ងាយនៅទីកន្លែងដែលរៀបចំឱ្យ ។
.jpg)
សរុបមក ទោះជាយើងចង់ឃើញ ចង់ស្គាល់ និងមានបំណងស្រាវជ្រាវនៅទីកន្លែងនានាលើពិភពលោកខ្លាំងប៉ុនណា ប៉ុន្តែទីកន្លែងទាំង៩នេះមិនអនុញ្ញាតឱ្យចូលនោះទេ ដើម្បីសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗ ។ ទីកន្លែងទាំងនេះត្រូវបានចាត់ទុកជាតំបន់អភិរក្សធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានតម្លៃឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ៕










