ថ្មីៗនេះវីដេអូរបស់ អូនផ្កាយ ដែលជាអតីតតារាសម្តែងស៊ិចស៊ីមួយរូបនិងល្បីល្បាញរបរលក់បាញ់ត្រាងទទួលបានមតិប្រតិកម្មចម្រុះពីសាធារណជនក្នុងរបៀបប្រម៉ូតធ្វើដូចជាកំពុងជួបគ្រោះថ្នាក់។ វីដេអូនោះស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រតិកម្មដោយចាត់ទុកថាការថតបែបនេះបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដោយសង្ឃឹមថាមិនមានការថតបែបនេះទៀតនៅក្នុងភូមិសាស្រ្តខេត្តកំពត។
.png)
ជឿជាក់ថាកន្លងមកទស្សនិកជនមួយចំនួនធំប្រាកដជាល្បីរឿងបាញ់ត្រាងរបស់ អូនផ្កាយ រហូតវាក្លាយជា Trend មានអ្នកលក់ជាហូរហែតាមការច្នៃប្រឌិតរៀងៗខ្លួន។ ឃ្លាតឆ្ងាយពីរង្វង់សិល្បៈប៉ុន្តែនៅទទួលថតផលិតផលមួយចំនួន អូនផ្កាយ បានខិតខំរកស៊ីយ៉ាងខ្លាំងជាមួយនឹងប្តីរបស់ខ្លួនខណៈពួកគេមានកូនពីរនាក់ជាចំណងដៃ។
ទោះយ៉ាងណា ថ្មីៗនេះ អូនផ្កាយ បានធ្វើឱ្យមានមតិវែកញែកក្នុងចំណោមទស្សនិកជនពីការថតវីដេអូរបស់នាងដែលធ្វើជាដួលនៅលើដីហាក់ដូចជាជួបគ្រោះថ្នាក់ប៉ុន្តែបានបង្ហាញពីការប្រម៉ូតបាញ់ត្រាងរបស់ខ្លួន។ វីដេអូរបស់ អូនផ្កាយ បានរាលដានភ្លាមៗដោយទាក់ទាញមតិជាច្រើនក្នុងនោះស្នងការដ្ឋាននគរបាលខេត្តកំពតក៏បញ្ចេញប្រតិកម្មដែរ។ លោកស្នងការបានចែករំលែកវីដេអូរបស់ អូនផ្កាយ ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សូមជម្រាបថាការថតបែបនេះគឺបង្កគ្រោះថ្នាក់ចំពោះអ្នកដំណើរផ្សេងទៀត ជាពិសេសគឺគ្រោះថ្នាក់ចំពោះសាមីខ្លួនផ្ទាល់ ខ្ញុំសង្ឃឹមថានឹងមិនមានករណីបែបនេះបន្តកើតមានក្នុងភូមិសាស្ត្រខេត្តកំពតទៀតនោះទេ»។

បន្ទាប់ពីស្នងការបញ្ចេញប្រតិកម្មមិនយូរប៉ុន្មាន វីដេអូរបស់ អូនផ្កាយ ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ។ កន្លងមកអ្នកបង្កើតមាតិកា Santa ដែលធ្លាប់ថតរូបមិនសមរម្យទៅលើរូបសំណាក «សេះសមុទ្រ» ប៉ះពាល់ដល់កិត្តិយសខេត្តកំពតក៏ធ្លាប់ចូលទៅបំភ្លឺនៅស្នងការផងដែរ ខណៈក្មេងទំនើងនានាដែលបង្ហោះម៉ូតូក្នុងខេត្តនេះក៏ត្រូវរងពិន័យយ៉ាងហ្មត់ចត់ដូចគ្នា៕










