គ្មានមនុស្ស គ្មានការសម្រាក! ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បានបង្ហាញរោងចក្រផលិតស្មាតហ្វូនដើរដោយស្វ័យប្រវត្តិសុទ្ធសាធនៅក្នុងប្រទេសចិនដែលដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃដោយគ្មានកម្មករមនុស្ស ហើយមានសមត្ថភាពអាចផលិតទូរស័ព្ទស្មាតហ្វូនបាន ១គ្រឿងត្រឹមពេល ១វិនាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានបច្ចេកវិទ្យា Fossbytes។

រោងចក្រថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ដែលស្ថិតនៅស្រុក Changping ទីក្រុងប៉េកាំង ប្រទេសចិនជាមួយនឹងរទំហំ 96,900 យ៉ាតការ៉េ។ រោងចក្រនេះត្រូវបានដាក់ឲ្យដំណើរការតាមរយៈ AI, មនុស្សយន្ត, គ្រឿងចក្រម៉ាស៊ីន និងភស្តុភារកម្មស្វ័យប្រវត្តិដើម្បីដំណើរការជាបន្តបន្ទាប់រយៈពេល ២៤ ម៉ោងពេញក្នុងមួយថ្ងៃ។.jpg)
មនុស្សមួយចំនួនបានហៅរោងចក្រនេះថាជា «រោងចក្រងងឹត» ដោយសារតែវាពឹងផ្អែកទាំងស្រុងលើមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងប្រព័ន្ធស្វ័យប្រវត្តិ ដូច្នេះវាមិនត្រូវការភ្លើងបំភ្លឺដូចមនុស្សធម្មតាត្រូវការនោះទេ ដែលអនុញ្ញាតឱ្យវាដំណើរការជាបន្តបន្ទាប់ជាមួយនឹងប្រសិទ្ធភាពខ្ពស់ និងការរំខានតិចតួចបំផុត។ អ្វីដែលគួឲ្យភ្ញាក់ផ្អើលបំផុត គឺរោងចក្រនេះអាចផលិតស្មាតហ្វូនបានមួយគ្រឿងក្នុងពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ ដែលនេះនឹងជំរុញទិន្នផលយ៉ាងច្រើន ខណៈពេលដែលគុណភាពនឹងនៅតែរក្សាបានជាប់លាប់។.jpg)
ជាមួយនឹងប្រព័ន្ធ AI កម្រិតខ្ពស់ក្នុងការត្រួតពិនិត្យលើដំណាក់កាលនីមួយៗនៃការផលិត រោងចក្រថ្មីនេះឆ្លុះបញ្ចាំងពីការជំរុញកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Xiaomi ឆ្ពោះទៅរកការផលិតឆ្លាតវៃ ខណៈដែលក្រុមហ៊ុនចិនប្រណាំងប្រជែងគ្នាដើម្បីទទួលយកស្វ័យប្រវត្តិកម្មដើម្បីកាត់បន្ថយថ្លៃដើម បង្កើនភាពជាក់លាក់ និងរក្សាការប្រកួតប្រជែងទូទាំងពិភពលោក។
ក្រុមហ៊ុន Xiaomi និយាយថា រោងចក្រនេះតំណាងឱ្យអនាគតនៃការផលិត ដោយរួមបញ្ចូលគ្នានូវល្បឿន ប្រសិទ្ធភាព និងភាពជាក់លាក់ ខណៈពេលដែលដាក់ក្រុមហ៊ុននៅជួរមុខនៃការជំរុញស្វ័យប្រវត្តិកម្មឧស្សាហកម្មរបស់ប្រទេសចិន។
.jpg)
ជាមួយគ្នានេះ អ្នកវិភាគឧស្សាហកម្មបានលើកឡើងថា រោងចក្របែបនេះអាចផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិច ប៉ុន្តែក៏បង្កើនឲ្យមានការព្រួយបារម្ភអំពីអនាគតនៃការងាររបស់មនុស្សនៅក្នុងរោងចក្រប្រពៃណីផងដែរ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងជំនួសកម្លាំងពលកម្មដោយដៃកាន់តែខ្លាំងឡើងជាមួយនឹងម៉ាស៊ីនឆ្លាតវៃ និង AI៕










