កែវជ័រសម្បូរមីក្រូផ្លាស្ទិក (Microplastic) ទោះជាចាក់ទឹកត្រជាក់ចូល ឬចាក់ទឹកក្តៅចូល វានឹងបញ្ចេញមីក្រូផ្លាស្ទិកលាយឡំជាមួយទឹក ។ អ្នកស្រាវជ្រាវផ្លាស្ទិកបានដាស់តឿនពីផលប៉ះពាល់សុខភាពដែលយើងមានទម្លាប់ធ្វើជាប្រចាំ គឺយកកែវជ័រមកប្រើប្រាស់សម្រាប់ឆុងភេសជ្ជៈផ្សេងៗលាយទឹកក្តៅ គឺជាការបញ្ចូលមីក្រូផ្លាស្ទិកដោយផ្ទាល់ទៅក្នុងរាងកាយ បន្ទាប់ពីមីក្រូផ្លាស្ទិកនៅលាយឡំជាមួយទឹកដែលចាក់ចូលកែវជ័រ ។
.jpg)
អត្ថបទស្រាវជ្រាវពីផ្លាស្ទិកផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Hazardous Materials បង្ហាញថា កែវជ័រធម្មតាផលិតពីផ្លាស្ទិកស្តើង គឺមានសារធាតុផ្សំពីផ្លាស្ទិកប្រភេទ Polyethylene និង Polypropylene ហើយពេលត្រូវទឹកក្តៅ វានឹងបញ្ចេញមីក្រូផ្លាស្ទិកមកលាយឡំជាមួយភេសជ្ជៈ ។ ការស្រាវជ្រាវផ្សេងទៀតក៏បង្ហាញដូចគ្នាដែរថា បរិមាណមីក្រូផ្លាស្ទិកចេញពីកែវជ័រ គឺអាចមានចាប់ពីរាប់រយ រហូតដល់រាប់លានភាគល្អិត ។
ការស្រាវជ្រាវលើកឡើងពីកត្តាសំខាន់ធ្វើឱ្យមីក្រូផ្លាស្ទិកចេញពីកែវជ័រមកលាយឡំក្នុងភេសជ្ជៈ ដោយសារសីតុណ្ហភាពទឹកក្តៅចាក់ចូលក្នុងកែវជ័រ ។ អ្នកស្រាវជ្រាវបានសាកល្បងដោយបែងចែកកែវជ័រជា២ផ្នែក រួមមាន ៖ ១-ចាក់ភេសជ្ជៈមិនក្តៅចូលកែវជ័រ ដែលសីតុណ្ហភាពស្មើត្រឹម៥អង្សាសេ និង២-ចាក់ភេសជ្ជៈក្តៅចូលកែវជ័រ ដែលមានសីតុណ្ហភាពរហូតដល់៦០អង្សាសេ ដោយប្រើប្រាស់កែវជ័រសរុបជាង៤០០កែវ ។ លទ្ធផលការស្រាវជ្រាវ គឺកែវជ័របានបញ្ចេញមីក្រូផ្លាស្ទិកច្រើនជាងកែវផលិតពីក្រដាស ហើយការចាក់ភេសជ្ជៈក្តៅចូលកែវជ័រ បានបញ្ចេញមីក្រូផ្លាស្ទិករហូតដល់៣៣% ។.jpg)
អ្នកស្រាវជ្រាវហាមដាច់ខាតចាក់ទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅខ្លាំងចូលកែវជ័រ ពីព្រោះយើងនឹងផឹកមីក្រូផ្លាស្ទិកចូលរាងកាយដោយផ្ទាល់ សូម្បីតែកែវជ័រដាក់ទឹកត្រជាក់ធម្មតា ក៏បញ្ចេញមីក្រូផ្លាស្ទិកដែរ គ្រាន់តែក្នុងបរិមាណតិច ។ ហេតុនេះ គួរផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់កែវជ័រដើម្បីកាត់បន្ថយបរិមាណមីក្រូផ្លាស្ទិកចូលរាងកាយជាច្រើនក្នុងមួយថ្ងៃៗ និងប្រើប្រាស់កែវផ្ទាល់ខ្លួន ។
មីក្រូផ្លាស្ទិកផ្តល់ផលប៉ះពាល់ជាច្រើនសម្រាប់សុខភាព រួមមាន ៖ ប៉ះពាល់ប្រព័ន្ធដង្ហើម, ប៉ះពាល់ប្រព័ន្ធប្រសាទ, ប៉ះពាល់ឈាម និងបេះដូង, រំខានដល់អរម៉ូន, ប៉ះពាល់ប្រព័ន្ធភាពស៊ាំ និងប៉ះពាល់ការរំលាយអាហារ ។ លើសពីនេះ អ្នកដាច់សរសៃឈាមខួរក្បាលភាគច្រើន គឺសុទ្ធតែមានកម្រិតខ្ពស់នៃមីក្រូផ្លាស្ទិកដែលបង្កប់ក្នុងបន្ទះសរសៃឈាមធ្វើឱ្យស្ទះសរសៃឈាមរបស់មនុស្ស ។.jpg)
សព្វថ្ងៃនេះ មីក្រូផ្លាស្ទិកមាននៅគ្រប់ទីកន្លែងក្នុងបរិស្ថាន ដូចជា ៖ ក្នុងមហាសមុទ្រ ទន្លេ ដី និងសូម្បីតែខ្យល់ដែលយើងដកដង្ហើម ក៏មានដែរ ។ ទំហំតូចរបស់វាធ្វើឱ្យយើងពិបាកលុបបំបាត់យ៉ាងខ្លាំង ជាហេតុធ្វើឱ្យវាបន្តស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីរយៈពេលយូរ ៕










