តារាសម្តែង ស៊ីន យូប៊ីន គ្រោងនឹងបង្ហាញវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិដ៏ធំនាខែឧសភា នេះ។ ដំណឹងនេះបានបង្កការរីករាយក្នុងចំណោមអ្នកគាំទ្ររបស់នាង ខណៈពួកគេនៅតែបន្តលើកទឹកចិត្តនិងគាំទ្រចំពោះសកម្មភាពរបស់តារាស្រីរូបនេះជានិច្ច។
.png)
រយៈពេលកន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន បានឆ្លងកាត់ការលំបាកជាច្រើនបន្ទាប់ពីមានជម្លោះព្រំដែន ប៉ុន្តែយ៉ាងណារូបនាងបន្តភាពអត់ធ្មត់និងបានបញ្ចេញសកម្មភាពទាំងតាមអង្គការ សកម្មភាពផ្ទាល់ខ្លួន ក៏ដូចជាតាមរយៈសមាគមសិល្បករខ្មែរ។ បន្ទាប់ពីឆ្លងកាត់រឿងនេះតារាសម្តែង ស៊ីន យូប៊ីន បានបង្ហើបពីគម្រោងធំមួយរបស់នាងនាពេលខាងមុខនេះ។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុកក្នុងសំលៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ តារាសម្តែងល្បីឈ្មោះរូបនេះបានបង្ហាញពីការរាប់ថយក្រោយក្នុងការនាំយកវប្បធម៌ខ្មែរបង្ហាញនៅលើឆាកអន្តរជាតិនាខែឧសភា ខាងមុខនេះ។ ទោះបីជាមិនបញ្ជាក់ថាជាកម្មវិធីអ្វីនៅឡើយប៉ុន្តែដំណឹងមួយនេះក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តដែរហើយទំនងកម្មវិធីនោះមិនតូចនោះទេ។
ក្រៅពីបង្ហាញភាពរីករាយអ្នកគាំទ្រនៅបន្តលើកទឹកចិត្តតារាសម្តែង ស៊ីន យូប៊ីន ជាមួយនឹងសម្តីថា «ពួកយើងជាអ្នកគាំទ្រនឹងរង់ចាំអ្វីដែលថ្មីៗពីបងជានិច្ចហើយអ្នកគាំទ្រពិតប្រាកដច្បាស់ជាគាំទ្រនិងលើកទឹកចិត្តបងជានិច្ច, Yubin នៅតែជាyubin នេះអ្វីដែលខ្ញុំតែងមើលឃើញនិងគាំទ្រអ្នក តាមរបៀបដែលអ្នកបង្ហាញឱ្យខ្ញុំស្គាល់យល់ពីអ្នករហូតមក…»។
ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងខ្សែភាពយន្ត ជាពិសេសសកម្មភាពជាច្រើននៅក្រៅប្រទេសក្នុងកម្មវិធីធំៗជួបជាមួយនឹងតារាល្បីៗ។ លើសពីនេះនាងជាតារាម្នាក់ដែលទទួលបានពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕










