បន្ទាប់ពីបញ្ចប់ការប្រកួត Miss Universe 2025 រយៈពេលជិត២ខែមកនេះ កិច្ចសម្ភាសន៍របស់ ហ្វីយ៉ាតា បានចាក់ផ្សាយជាបន្តបន្ទាប់ដោយបវរកញ្ញារូបនេះបានទម្លាយពីបញ្ហាប្រឈមអំឡុងពេលប្រកួតតំណាងប្រទេសនិងរឿងរ៉ាវផ្សេងៗទៀត។ ជុំវិញការសម្ភាសន៍ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បានទម្លាយរឿង២ដែលនាងមានការថប់ដង្ហើមបំផុតពេលប្រកួតនៅសៀ.ម។

តាមរយៈកិច្ចសម្ភាសន៍ «អ្នកជិតខាង» ហ្វីយ៉ាតា បាននិយាយថា ក្នុងដំណើរបំពេញភារៈកិច្ចសម្រាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss Universe លើកទី៧៤ អ្វីដែលពិបាកខ្លាំងបំផុតសម្រាប់នាងនោះគឺពេលជួបជាមួយនឹងមនុស្សដែលមករំខានផ្លូវចិត្តដោយប្រើពាក្យសម្តី។ ហ្វីយ៉ាតា ថានៅពេលមានការរំខានម្តងៗស្ទើរតែប្រេះទ្រូង។ ចំពោះរឿងទី២ ដែលធ្វើឱ្យនាងថប់ដង្ហើម ហ្វីយ៉ាតា បានសារភាពដោយត្រង់ៗថាគឺនៅពេលអង្គុយមើលគេបង្ហាញពីវប្បធម៌ទាំងយើងបានដឹងច្បាស់ថាអ្វីជាអ្វី។
Miss Universe Cambodia 2025 ថាមានពេលខ្លះនាងចង់ឱ្យខ្លួននាងឈឺដោយមិនចាំបាច់ទៅញុំាអាហារពេលល្ងាចជាមួយគេ ប៉ុន្តែអ្នកគាំទ្ររង់ចាំមើល ទាំងពេលខ្លះចុះមកយឺត អ្នកគាំទ្រមានការព្រួយបារម្ភទៅហើយ ដូច្នេះមិនចង់ឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ នាងងើបឡើងតែងខ្លួនចុះមកខាងក្រោម។ ហ្វីយ៉ាតា ថាអ្នកគាំទ្ររង់ចាំមើលនាងមិនមែនសម្រាប់តែការទស្សនាប៉ុណ្ណោះទេប៉ុន្តែក៏ជាការមើលដោយក្តីបារម្ភហើយចំណុចនេះហើយនាងមានការរំភើបចិត្តខ្លាំងមែនទែន។
ដ្បិតតែ ហ្វីយ៉ាតា បានបរាជ័យក្នុងការដណ្តើម TOP ជូនកម្ពុជាលើឆាកប្រកួតកម្មវិធីសម្រស់ក្តីប៉ុន្តែអ្នកគាំទ្រពុំបានបន្ទោសនាងនោះទេផ្ទុយទៅវិញមានតែការលើកទឹកចិត្តពីព្រោះពួកគេបានឃើញពីការខិតខំរបស់នាង។ ហ្វីយ៉ាតា បានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាពីពាក្យសម្តីឌឺដង ផ្លែផ្កាមួយចំនួនពីប្រព័ន្ធ Media ថៃ៕










