តារាចម្រៀង ទេព បូព្រឹក្ស បានសម្តែងការខកចិត្តសោកស្តាយដែលកម្មវិធីរបស់នាងត្រៀមរៀបចំនាពេលខាងមុខបង្ហាញពីវប្បធម៌ខ្មែរក្រោមចំណងជើងថា «ខ្លឹមនៃព្រះនគរ» ហាក់ពុំសូវទទួលបានការគាំទ្រច្រើនដូចជាកម្មវិធីប្រគំតន្រ្តីរបស់នាងនាពេលកន្លងមក។ ឃើញការទិញសំបុត្រពុំសូវផុសផុលតារាចម្រៀង ពេជ្រ សូលីកា បានជួយទិញសំបុត្ររបស់ ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ចំនួន២០០០ដុល្លារ។
.png)
កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសំណេរមួយថា «TBP FAN PARTYលក់សំបុត្រ៣ថ្ងៃបាន១៥០០សំបុត្រតែកម្មវិធីវប្បធម៌ដែលខ្ញុំធ្វើថ្ងៃ១១នេះសំបុត្រ២ថ្ងៃលក់បានតែ៣០០»។ ក្នុងការបង្ហោះនេះតារាចម្រៀងរូបនេះបានបញ្ជាក់ថាការដែលនាងរៀបចំកម្មវិធីនេះឡើងគឺដោយសារតែភាពឈឺចាប់ដែលប្រាសាទខ្មែរបែកបាក់ ដែលបេះដូងនាងឈឺជាប់គ្មានថ្ងៃភ្លេច។ 
ទេព បូព្រឹក្ស បានសរសេរបញ្ជាក់ទៀតថាខ្មែរបានរងភាពអយុត្តិធម៌ដែលចោរសៀមធ្វើបាបយើង ហើយជនជាតិនេះស្រលាញ់ណាស់នៅវប្បធម៌ដ៏ផូផង់របស់ខ្មែរហើយនាងពិតជាខ្លាចចោរវាលួចទៀតណាស់។ ជាមួយគ្នានេះ ទេព បូព្រឹក្ស បានបញ្ជាក់ថាកម្មវិធីនាងទាំងមូលទទួលបាន sponsor រួចមកហើយ ប៉ុន្តែការលក់សំបុត្រដោយសារតែចង់បានថវិកាខ្លះយកជូនវីរកងទ័ពខណៈនាងក៏បន្ថែមថវិការបស់ខ្លួន៥០០០ដុល្លារ។

ម្ចាស់បទ «ទេវរាជ» ថាដល់ពេលហើយដែលប្រជាពលរដ្ឋរួមគ្នាផ្សព្វផ្សាយនៅវប្បធម៌ខ្មែរទាំងអស់គ្នាមិនអាចភ្លេចត្រចៀកបានទេ ចោរកៀនៗហ្នឹងចាំតែលួច ហើយនាងម្នាក់ឯងមិនអាចទៅរួចទេទាល់តែយើងរួមគ្នាជួយផ្សព្វផ្សាយ។

បន្ទាប់ពីបង្ហោះសំណេរចំនួនការទិញសំបុត្របង្ហាញពីវប្បធម៌ខ្មែរខុសគ្នាដាច់ពីការប្រគំតន្រ្តីសម័យបែបនេះតារាចម្រៀង ពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់តារាចម្រៀង ទេព បូព្រឹក្ស ពុំនៅស្ងៀមនោះទេដោយនាងបានជួយទិញសំបុត្រទស្សនីយភាព «ខ្លឹមនៃព្រះនគរ» ចំនួន២០០០ដុល្លារ។ សំបុត្រដែល ទេព បូព្រឹក្ស បានដាក់លក់សម្រាប់កម្មវិធីនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានចំនួន៣ប្រភេទ គឺតម្លៃ ៥ដុល្លារ ១៥ដុល្លារ និង ៥០ដុល្លារ៕










