ប្រទេសថៃ ៖ កងទ័ពថៃតែងតែលេងល្បិចដដែលៗរឿងជាន់មីនដើម្បីទម្លាក់កំហុសលើកម្ពុជា ជាពិសេស ពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ឬពេលមានកិច្ចប្រជុំសំខាន់រវាងកម្ពុជា-ថៃ ក៏ប្រឌិតរឿងកងទ័ពថៃជាន់មីនរងរបួសធ្ងន់ ។ លើកនេះក៏ដូចរាល់ដង ពេលបញ្ចប់កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន (GBC) និងបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្រាប់តែសារព័ត៌មានថៃផ្សាយថា កងទ័ពថៃម្នាក់ទៀតហើយជាន់មីនរងបួសធ្ងន់នៅព្រំដែនខេត្តស៊ីសាកេត គឺរយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន ដែលក្លាយជាកងទ័ពទី១០ រងគ្រោះដោយសារគ្រាប់មីន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៧ ខែធ្នូ កងទ័ពថៃម្នាក់ទៀតហើយជាន់មីនរងរបួសធ្ងន់ធ្ងរដាច់ជើងស្តាំនៅភ្នំ Sattasom ខេត្តស៊ីសាកេត គឺរយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន ហើយក៏បានចោទប្រកាន់តាមទម្លាប់ថា គឺជាគ្រាប់មីនរបស់កម្ពុជា ។

នៅថ្ងៃទី២៧ ខែធ្នូ លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃថា ថ្ងៃនេះ រយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន កងទ័ពថៃម្នាក់បានជាន់មីនប្រឆាំងមនុស្ស ប្រភេទ PMN-2 ពេលកំពុងប្រតិបត្តិការនៅភ្នំ Sattasom ខេត្តស៊ីសាកេត ដែលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដាច់ជើងខាងស្តាំ ។ ក្រោយកើតហេតុ ភ្នាក់ងារជួយសង្គ្រោះបានបញ្ជូនកងទ័ពរូបនេះតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យខេត្តសុរិន្ទ ពេលនេះ គ្រូពេទ្យកំពុងជួយសង្គ្រោះយ៉ាងដិតដល់ ។ កងទ័ពបានត្រួតពិនិត្យនៅទីតាំងកើតហេតុយ៉ាងតឹងរ៉ឹងដើម្បីសុវត្ថិភាព និងការពារកុំឱ្យកងទ័ពថៃជាន់មីនបន្ថែម ។

គួរបញ្ជាក់ថា បើទោះជាការជាន់មីនលើកនេះពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ថា ជាមីនចាស់ ឬថ្មី ប៉ុន្តែកងទ័ពថៃបានចោទប្រកាន់ទម្លាក់កំហុសលើកម្ពុជាដូចលើកមុនៗថា កងទ័ពថៃដែលជាន់មីននេះ គឺជាជនរងគ្រោះទី១០ហើយដែលដាក់ដោយកម្ពុជា ។

កងទ័ពថៃតែងតែប្រើប្រាស់ចាស់ដដែលៗរឿងជាន់មីនជាច្រើនលើកច្រើនសា ជាពិសេស រៀងរាល់ពេលមានកិច្ចប្រជុំសំខាន់ណាមួយត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលស្ថានការណ៍រវាងកម្ពុជា-ថៃឱ្យមានសន្តិភាពឡើងវិញ គឺកងទ័ពថៃបានប្រឌិតរឿងជាន់មីនជានិច្ច ។ បន្ទាប់មក ថៃក៏ចាប់ផ្តើមរករឿងបង្កជម្លោះជាមួយកម្ពុជា ទាំងដែលថៃគ្មានភស្តុតាងច្បាស់លាស់ ។

ពលរដ្ឋខ្មែរមានចម្ងល់ថា ឱ្យតែពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ឬពេលមានកិច្ចប្រជុំសំខាន់ ហេតុអ្វីកងទ័ពថៃប្រឌិតរឿងជាន់មីនទៅវិញ? ចុះនៅពេលបើកសង្គ្រា.មវាយប្រហារកម្ពុជាជាច្រើនថ្ងៃមកនេះ ហេតុអ្វីមិនជាន់មីន? ឬមួយទាល់តែមានកិច្ចប្រជុំ ទើបកងទ័ពថៃដើរជាន់មីន?

កងទ័ពថៃល្មមឈប់លេងល្បិចដដែលៗនេះទៅ គ្មានអ្នកណាជឿទេ ពីព្រោះល្បិចជាន់មីន គឺជាលេសរករឿងចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ហើយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ។ កម្ពុជាសង្ឃឹមថា កងទ័ពថៃនឹងមិនបំពានបទឈប់បាញ់ និងបញ្ឈប់ការចោទប្រកាន់រឿងមីនមិនឈប់ឈរ ៕