ប្រទេសថៃ ៖ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយឯកភាពគ្នាលើបទឈប់បា.ញ់អនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានរយៈពេល៧២ម៉ោង ។ នៅថ្ងៃទី២៧ ខែធ្នូ នេះ ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃប្រកាសថា នឹងវាយប្រ.ហារជាថ្មី ប្រសិនបើកម្ពុជាបំពានបទឈប់បា.ញ់រយៈពេល៧២ម៉ោង ។
លោក ប្រាផាត សនចៃឌី ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថា ជំហ៊ានបន្ទាប់ ថៃនឹងទំនាក់ទំនងតាមទូរស័ព្ទជាមួយកម្ពុជាដើម្បីចែករំលែកព័ត៌មាន និងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយនឹងមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរចូលរួមសហការ ។ ថៃនឹងប្រមូលភស្តុតាងទាំងអស់បង្ហាញទៅពិភពលោក ដើម្បីចោទប្រកាន់កម្ពុជាបា.ញ់ប្រហារមុន ។
ចំណែកកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៧២ម៉ោង លោក ប្រាផាត ជំនួយការមេបញ្ជាការកងទ័ពអាកាសយល់ថា នេះជាពេលវេលាសមរម្យ និងជាពេលវេលាស្តង់ដារដែលប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែប្រសិនបើកម្ពុជាបំពានបទឈប់បាញ់បង្កឱ្យមានសង្គ្រាមជាថ្មី គឺកងទ័ពថៃនឹងវាយប្រហារម្តងទៀត ថែមទាំអរាយការណ៍ប្រាប់ពិភពលោក ។
ម្យ៉ាងទៀត ប្រសិនបើថៃដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបរួចហើយ ស្រាប់តែកម្ពុជាបំពានបទឈប់បាញ់ កងទ័ពថៃនឹងវាយប្រហារដូចមុនដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ។ ដូចគ្នានេះ នឹងប្រាប់ពិភពលោកថា ថៃចាំបាច់ត្រូវតែវាយប្រហារកម្ពុជា បន្ទាប់ពីការចរចាដោយសន្តិវិធីរួចប៉ុន្តែគ្មានលទ្ធផល ហើយកងទ័ពថៃនឹងមិនឈប់សម្រាកពេលបុណ្យឆ្លងឆ្នាំខាងមុខទេ គឺត្រៀមខ្លួនវាយប្រហារជានិច្ច ។
ពលរដ្ឋថៃជាង៤សែននាក់ ដែលបានចាកចេញពីផ្ទះសម្បែងទៅស្នាក់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន គឺរដ្ឋាភិបាលថៃនឹងការពារយ៉ាងដិតដល់ និងផ្តល់ប្រាក់សំណងផងដែរ ។ ក្រៅពីនេះ ក៏សូមអរគុណពលរដ្ឋថៃដែលជួយបញ្ជូនសម្ភារៈមកឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពានកម្ពុជាជាបន្តបន្ទាប់ ។ ទោះជាមានជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែភ្ញៀវទេសចរដែលនឹងធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃមិនចាំបាច់បារម្ភទេ គ្រាន់តែកុំធ្វើដំណើរទៅតំបន់ជម្លោះ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយឯកភាពគ្នាលើបទឈប់បាញ់ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានរយៈពេល៧២ម៉ោង ។ កិច្ចប្រជុំនេះក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក Natthaphon Narkphanit រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ។
កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា-ថៃ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ៕










