ប្រទេសថៃ ៖ បើតាមនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នឹងធ្វើដំណើរទៅប្រទេសចិន នៅថ្ងៃទី២៨ ខែធ្នូ ដើម្បីជួបលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ ក្រៅពីនេះ លោក Anutin បានបញ្ជាក់ពីទំនាក់ទំនងការទូតមិនពាក់ព័ន្ធនឹងកងទ័ពទេ ។

នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ នៅខេត្តអយុធ្យា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី២៥ ខែធ្នូ កន្លងមកថា ពលរដ្ឋថៃមិនគាំទ្រការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយសារមិនទុកចិត្តកម្ពុជា ប៉ុន្តែកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបានអនុវត្តតាមនីតិវិធីជាច្រើន ។ រីឯកងទ័ពមាននីតិវិធីរបស់ខ្លួន រដ្ឋាភិបាលថៃគាំទ្រកងទ័ពយ៉ាងពេញទំហឹង ។

ពេលនេះ កងទ័ពថៃបានធ្វើប្រតិបត្តិការតាមផែនការគ្រោងទុក រីឯទំនាក់ទំនងការទូត គឺជាតួនាទីរបស់ក្រសួងការបរទេស និងកិច្ចប្រជុំ GBC ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកន្លងមក ។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak ទៅពិភាក្សានៅទីក្រុងគុនមីង ប្រទេសចិន ដើម្បីជជែកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ។

លោក Anutin និយាយដោយឥតអៀនខ្មាស់ថា កងទ័ពថៃបើកការវាយប្រហារកម្ពុជាលើកនេះដើម្បីការពារអធិបតេយ្យរបស់ខ្លួន និងគ្មានបំណងឈ្លានពានកម្ពុជាទេ ថៃត្រូវតែការពារអធិបតេយ្យមិនឱ្យប្រទេសជិតខាងល្មើសដាច់ខាត សូម្បីតែ១ចំអាមក៏មិនឱ្យបាត់បង់ ។ រដ្ឋាភិបាលថៃប្រកាន់គោលជំហរការពារទឹកដីមិនឱ្យបរទេសល្មើសអធិបតេយ្យ ហេតុនេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាល ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ននឹងមិនប៉ះពាល់ដល់ការបោះឆ្នោតនៅប្រទេសថៃទេ ខណៈគណៈកម្មការរៀបចំការបោះឆ្នោតមាននីតិវិធី និងប្រកាសច្បាស់លាស់ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak នឹងធ្វើដំណើរទៅចិន គឺបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែធ្នូ និងបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។

កម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន ។ មេដឹកនាំថៃ និងកងទ័ពថៃថា កិច្ចប្រជុំ GBC បានសម្រេចឱ្យភាគីទាំងពីរឈប់បាញ់រយៈពេល៧២ម៉ោង បន្ទាប់មក ថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ប៉ុន្តែប្រសិនបើកម្ពុជាមិនស្មោះត្រង់ កងទ័ពថៃនឹងបន្តប្រតិបត្តិការយ៉ាងចាស់ដៃ ។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែធ្នូ នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ-ចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ៕