(ភ្នំពេញ)៖ លោកមេធាវី សុក សំអឿន ដែលជាអ្នកមានជំនាញផ្នែកច្បាប់មួយរូប បានលើកឡើងពីលទ្ធភាពរបស់កម្ពុជា ក្នុងការទាញថៃឲ្យមកទទួលខុសត្រូវចំពោះការបំផ្លា.ញប្រាសាទព្រះវិហារ ថាពិតជាអាចធ្វើទៅបាន ប៉ុន្តែកម្ពុជាខ្លួនឯងត្រូវមានភ័ស្តុតាងរឹងមាំដើម្បីទុកបញ្ជាក់ប្រាប់តុលាការអន្តរជាតិជាមុនសិន។.jpg)
យោងតាមការបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែធ្នូនេះ លោក សុក សំអឿន បានលើកឡើងអំពីសំណួររបស់អ្នកកាសែតថា តើកម្ពុជាអាចទាមទារឱ្យថៃសងការខូចខាត ដែលថៃបានធ្វើឱ្យប្រាសាទព្រះវិហារមានការខូចខាតដែរឬទេ?
ដោយលោកបានរឆ្លើយតបយ៉ាងដូច្នេះថា៖
ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិភណ្ឌពិភពលោកទៅហើយ ហើយតំបន់នោះក៏មានផ្លាកសញ្ញាថាជាតំបន់បេតិភណ្ឌពិភពលោកដែរ។ ដែលមានន័យថា មិនអាចមានប្រទេសប៉ះពាល់បាននោះទេ។ ដូចនេះ ប្រសិនបើថៃបានធ្វើឱ្យខូចខាត ដោយបាញ់ ឬ ផ្លោងគ្រាប់កាំភ្លើងចូលតំបន់នោះ ហើយបណ្តាលឱ្យមានការខូចខាតនោះ នោះប្រាកដជាទទួលខុសត្រូវក្នុងការសងការខូចខាតហើយ។
ប៉ុន្តែ ថៃប្រាកដជាអះអាងថា កម្ពុជាបានដាក់កងទ័ពនៅតំបន់នោះ ដាក់កំាភ្លើងផ្លោងក្នុងតំបន់ហើយបានបាញ់ទៅលើវាហើយបានជាវាផ្លោងកាំភ្លើងធំចូលតំបន់នោះ។ កាលបើថៃមានភស្តុតាងបង្ហាញថា មានទ័ពកម្ពុជានៅក្នុងតំបន់នោះមែននោះ នោះកម្ពុជាទៅជាអ្នកទទួលខុសត្រូវចំពោះការខូចខាតនោះទៅវិញទេ។ .jpg)
លោក សុក សំអឿន បានគូសបញ្ជាក់ថា ដូចនេះ ជាការសំខាន់ណាស់ ដែលកម្ពុជាត្រូវមានភស្តុតាងរឹងមាំ បង្ហាញពីទ្រង់ទ្រាយពេលប្រាសាទមិនទាន់មានការខូចខាត បង្ហាញភស្តុតាងឱ្យឃើញថានៅទីនោះមិនមានវត្តមានកងទ័ព ឬ កាំភ្លើងរបស់កម្ពុជានោះទេ បង្ហាញឱ្យឃើញថា គឺទ័ពថៃជាអ្នកធ្វើឱ្យខូចខាត ការខូចខាតមានទំហំប៉ុណ្ណាជាដើម។
ជាចុងក្រោយលោកមេធាវីបានសង្កត់ធ្ងន់ថា៖ អង្គការសហប្រជាជាតិ ទៀតសោតបានត្រឹមតែធ្វើការថ្កោលទោសតែប៉ុណ្ណោះ ដូចនេះ ដើម្បីទាមទារឱ្យមានការសងការខូចខាតនោះ កម្ពុជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ ទាមទារឱ្យថៃសងការខូចខាតថែមទៀត ព្រោះមានតែតុលាការទេ ដែលមានសិទ្ធសម្រេចឱ្យសង ឬ មិនសង ដូចនេះ បើយើងមិនដាក់ពាក្យប្តឹងទាមទារ ថៃប្រាកដជាមិនអើពើហើយ៕










