បន្ទាប់ពីមើលឃើញកងទ័ពថៃសម្រុកវាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល និងចចេសរឹងរូសមិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងជំរុញឱ្យថៃបញ្ចប់សង្គ្រា.មឈ្លានពា.ននៅដើមសប្តាហ៍ក្រោយឱ្យបាន ពីព្រោះមេដឹកនាំថៃបានសន្យាជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួររួចហើយ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា អាមេរិកនឹងជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃនៅដើមសប្តាហ៍ក្រោយនេះ (ឬបញ្ចប់ត្រឹមថ្ងៃទី២២ ខែធ្នូ) ដោយការបញ្ចុះបញ្ចូលឱ្យប្រទេសថៃឈប់បា.ញ់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខារួមគ្នាជាមួយកម្ពុជា ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
តាមការអះអាងរបស់លោក Marco Rubio គឺលោកប្រធានាធិបតី Trump បានព្យាយាមជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជា-ថៃរហូតមក ហើយអាមេរិកនឹងជំរុញឱ្យប្រទេសទាំងពីរត្រឡប់មកអនុវត្តបទឈប់បាញ់ឱ្យបាននៅត្រឹមថ្ងៃទី២២ ខែធ្នូ ។ លោកថា សង្គ្រាមកម្ពុជា-ថៃបានផ្អាកមួយរយៈ ដោយប្រទេសទាំងពីរបានប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែពេលនេះ ថៃមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព និងរកលេសចោទប្រកាន់កម្ពុជាមិនឈប់ឈរ អាមេរិកនឹងជំរុញឱ្យប្រទេសទាំងពីរងាកមករកតុចរចាគ្នាម្តងទៀត ។
មុនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅថ្ងៃទី២២ ខែធ្នូ មកដល់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីពេលថ្មីៗនេះ ដើម្បីជំរុញឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាន និងងាកមកចរចាសន្តិភាពជាមួយកម្ពុជាម្តងទៀត ។ ក្តីសង្ឃឹមរបស់អាមេរិកពេលនេះ គឺជំរុញឱ្យថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាព និងឈប់បាញ់នៅត្រឹមថ្ងៃទី២២ ខែធ្នូ ។
លោក Marco Rubio បន្តទៀតថា អាមេរិកប្រឹងប្រែងណាស់ដើម្បីជំរុញឱ្យថៃត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ហើយអាមេរិកសង្ឃឹមនឹងអាចបញ្ចប់សង្គ្រាមលើកនេះ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវបំពេញ មុនពេលសម្រេចបទឈប់បាញ់ជាថ្មី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានជជែកតាមទូរស័ព្ទជាមួយលោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដើម្បីជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។ លោក Marco Rubio បានគូសបញ្ជាក់ពីការបារម្ភរបស់អាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែន និងសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង ដោយជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃចាត់វិធានការបន្ធូរបន្ថយភាពតានតឹង ។
កិច្ចព្រមព្រៀងសន្តិភាពនេះលែងមានប្រសិទ្ធភាពហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃចាំផ្ទៃ លោក Anutin Charnvirakul សម្រេចទាត់ចោលឈប់អនុវត្ត និងប្រកាសបើកការវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ និងធ្ងន់ធ្ងរជាងសង្គ្រាមលើកទី១ ក្រោមលេសចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ដែលថៃតែងតែប្រើប្រាស់លេសនេះរហូតមកមុនពេលផ្ទុះសង្គ្រាម ។ កាលពីថ្ងៃទី១៩ ខែធ្នូ លោក Anutin ប្រកាសថា មហាអំណាចណាក៏ដោយ មិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រហារកម្ពុជាទេ ការវាយប្រហារនឹងបន្តរហូតដល់មានអារម្មណ៍ថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ។
យើងនឹងរង់ចាំតាមដានបន្តទៀត តើអាមេរិកអាចបញ្ចប់សង្គ្រាមឈ្លានពានរបស់កងទ័ពថៃនៅត្រឹមថ្ងៃទី២២ ខែធ្នូ ដែរឬទេ ពីព្រោះមេដឹកនាំថៃនៅតែរឹងទទឹងមិនស្តាប់តាមការសម្របសម្រួលរបស់មហាអំណាចបែបនេះ ។ តើអាមេរិកនឹងមានផែនការអ្វីបន្តដើម្បីដាក់សម្ពាធឱ្យថៃងាកមកអនុវត្តបទឈប់បាញ់ និងគោរពកិច្ចព្រមព្រៀងសន្តិភាព?










