កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សម្លេងតែមួយបានស្រែកឡើងដូចគ្នា គឺ «កម្ពុជាត្រូវការសន្តិភាព» ដែលបង្ហាញទៅកាន់ពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។ ក្បួនដង្ហើរនេះគឺ «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។
មិនត្រឹមតែប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ចូលរួមប៉ុណ្ណោះទេ ព្យុយាត្រា «ដើរដើម្បីសន្តិភាព» នេះគឺមានជនបរទេសជាច្រើនរូបចូលរួមដើម្បីបង្ហាញពិតប្រាកដថាកម្ពុជាពិតជាត្រូវការសន្តិភាពមិនចង់ឃើញសង្គ្រាមទៀតនោះទេ។ ជាមួយនឹងការចែករំលែកវីដេអូជាច្រើននៅលើបណ្តាញសង្គមគេសង្កេតឃើញថាមានជនបរទេសបានថតសកម្មភាពមហាគ្រួសារខ្មែរអមដោយទឹកភ្នែករលីញរលោង ហាក់បង្ហាញពីការរំជួលចិត្តរបស់ខ្លួនពេលឃើញកម្លាំងសាមគ្គីរបស់ខ្មែរ ឃើញពីអ្វីដែលកម្ពុជាចង់បានពិតប្រាកដ។
វីដេអូដែលជនបរទេសឈរថតដោយទឹកភ្នែករលីញរលោងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនរំជួលចិត្តក្នុងនោះ ហ្វីយ៉ាតា ក៏បានចូលទៅខម្មិនបង្ហាញពីអារម្មណ៍ថានាងយំខ្លាំងណាស់នៅពេលឃើញជនបរទេសបង្ហាញការស្រលាញ់ខ្លាំងបែបនេះមកកាន់ប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា «ដើរដើម្បីសន្តិភាព» គេក៏បានឃើញ វណ្ណដា និងសិល្បករផ្សេងទៀតចូលរួមផងដែរ។ នេះគឺជាលើកទី២ហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឡើងកម្មវិធីនេះដើម្បីបង្ហាញថា កម្ពុជាចង់បានសន្តិភាពស្របពេលកំពុងរងការឈ្លានពានពីយោធាថៃ ខណៈលើកទី១ ធ្វើនៅថ្ងៃទី១៨ ខែមិថុនា ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ និងការគាំទ្រដល់រដ្ឋាភិបាលក្នុងដំណោះស្រាយបញ្ហាព្រំដែន៕










