តារាចម្រៀងចំណូលថ្មី អាយរីស កំពុងឆាបឆក់បេះដូងទស្សនិកជនតាមរយៈខ្លឹមសារចម្រៀងរៀបរាប់ពីការតស៊ូពុះពាររបស់កម្ពុជា ទឹកដីសម្បូរទៅដោយប្រាសាទសាងដោយដូនតានិងមានធនធានធម្មជាតិ។ ទស្សនិកជនបានសរសើរចម្រៀងនេះថាពីរោះនិងមានអត្ថន័យខណៈ អាយរីស គឺបាននិពន្ធចម្រៀងដោយផ្ទាល់ដៃ។
កាលពីយប់ថ្ងៃទី១៧ ធ្នូ តារាចម្រៀង អាយរីស បានទម្លាក់បទ «កម្ពុជា ប្រទេសខ្ញុំ» ដោយភ្ជាប់មកជាមួយនឹង Sub Title ជាភាសាអង់គ្លេសនិងបានរៀបរាប់ខ្លឹមសារជាច្រើនពីប្រទេសកំណើត។ មិនត្រឹមតែប៉ុណ្ណោះរូបភាពក្នុងវីដេអូនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្តនិងតំបន់ជាច្រើនទៀតយ៉ាងច្បាស់ត្រជាក់ភ្នែក ប្រកបដោយគុណភាពប្រណីត។

អាយរីស បានច្រៀងដំណាលពីប្រទេសកម្ពុជាដែលល្អថ្លៃថ្លាដែលសាងដោយដូនតា ជាទឹកដីដ៏អស្ចារ្យពោរពេញដោយវប្បធម៌ មានធនធានធម្មជាតិមានទាំងព្រៃព្រឹក្សា ទន្លេដែលមិនចេះរីងស្ងួតដែលអាចចិញ្ចឹមជីវិតប្រជាពលរដ្ឋ។ «កម្ពុជា ប្រទេសខ្ញុំ» ក៏បានពិពណ៌នាថា អ្វីដែលដូនតាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយគឺនៅតែមានហើយប្រជាជនមានមោទនភាពណាស់ចំពោះទឹកដីមួយនេះដែលមានតំបន់ទេសចរណ៍ជាច្រើនកន្លែង។

តារាចម្រៀងរូបនេះក៏បានបញ្ជូនអត្ថន័យដែរថាប្រទេសកម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្តែមិនដែលចុះចាញ់នោះទេ ដោយបានបន់ផ្សងឱ្យជួបតែសុខសន្តិភាព ចង់ឃើញស្នាមញញឹមជាតិជារៀងរហូត។ អត្ថបទបទនេះក៏បានបង្ហាញពីក្តីស្រលាញ់របស់ប្រជាជនចែករំលែកស្នាមញញឹមជាមួយគ្នា ខណៈបានបង្ហាញពីព្រលានយន្តហោះថ្មី រូបភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាកន្លែងជាច្រើនទៀត។ មួយបទនេះរបស់ អាយរីស បានធ្វើឱ្យទស្សនិកជនពេញចិត្តនិងបានសរសើរបទនេះថាទាំងពីរោះនិងមានអត្ថបទ។ អ្នកខ្លះក៏បង្ហាញថាស្តាប់បទនេះហើយហូរទឹកភ្នែកដោយការរំភើបចិត្តជាដើម។.png)
គួរបញ្ជាក់ផងដែរថា កន្លងមក អាយរីស បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីទម្លាក់បទចម្រៀងមានចំណងជើងថា «កុំស្អប់ពេលម៉ាក់ខឹង» ជាមួយរៀមច្បង ម៉េង កែវពេជ្ជតា៕










