ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពឈ្លានពា.នថៃមិនព្រមបញ្ឈប់ការវាយប្រ.ហារមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេ ដោយនៅតែប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងពង្រីកទីតាំងទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 ដើម្បីបំផ្លិចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ។ ទោះជាម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជួយសម្របសម្រួលឱ្យថៃបញ្ឈប់សង្គ្រា.មយ៉ាងកំរាលនេះ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលគ្រប់ការសម្របសម្រួល ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា កងទ័ពវាយប្រ.ហារបន្តទៀត រហូតមើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ប៉ុន្តែមិនដល់រាជធានីភ្នំពេញទេ ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី១៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit និយាយថា កងទ័ពនឹងមិនបញ្ឈប់ការវាយប្រហារ គឺបន្តវាយប្រហាររហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ឈប់រាល់អរិភាព ប៉ុន្តែការវាយប្រហារនេះមិនដល់រាជធានីភ្នំពេញទេ ។ នៅភូមិសាស្ត្រកងទ័ពភូមិភាគទី១ ខេត្តស្រះកែវ កងទ័ពថៃចាញ់ប្រៀបកងទ័ពកម្ពុជា ហេតុនេះ ត្រូវតែបង្កើនសព្វាវុធបន្ថែម ដូចជា ៖ រថក្រោះ ហើយលោកបានជជែកជាមួយមេបញ្ជាការកងទ័ពភូមិភាគទី១ បើវាយកាន់កាប់គោលដៅណាមួយបាន គឺត្រូវបា.ញ់ភាគីម្ខាងទៀតមិនឈប់ឈរ ។

រដ្ឋាភិបាលថៃ និងក្រសួងការពារជាតិគាំទ្រ១០០% ក្នុងការឧបត្ថម្ភសម្ភារៈដល់កងទ័ពសម្រាប់បង្កើនប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពនឹងឈប់វាយប្រហារ លុះត្រាតែកម្ពុជាលែងបង្កគ្រោះថ្នាក់ ហើយកម្ពុជាត្រូវឈប់បាញ់ជាមុន មិនមែនប្រកាសឈប់ហើយ ស្រាប់តែបាញ់ឡើងវិញទេ ដោយលោក Natthaphon និយាយបំភ្លៃថា សង្គ្រាមលើកនេះ គឺកងទ័ពថៃគ្រាន់តែការពារខ្លួន មិនបានឈ្លានពាន ។

លោក Natthaphon បន្តថា បើកម្ពុជាចង់ឈប់បាញ់ ត្រូវដកថយកម្លាំងកងទ័ពចេញពីសមរភូមិ កងទ័ពថៃមិនវាយប្រហារដល់រាជធានីភ្នំពេញទេ ។ ហេតុនេះ កម្ពុជាត្រូវបង្ហាញឱ្យថៃឃើញជាមុនសិន ពីព្រោះថៃក៏ចង់ឈប់បាញ់ដែរ ដោយសារកងទ័ពស្លាប់ជាបន្តបន្ទាប់ ខណៈពលរដ្ឋពិបាកស្នាក់នៅក្នុងជំរំភៀសសឹក ។ ការបញ្ចប់អរិភាពរបស់កម្ពុជា គឺត្រូវមានការវាយតម្លៃស្ថានការណ៍ពីមេបញ្ជាការកងទ័ព, ស្តាប់យោបល់កងទ័ព, ពិនិត្យមើលឥរិយាបថកម្ពុជា ថាតើមានការបង្កើនកម្លាំងទ័ពដែរឬទេ ហើយកម្ពុជាត្រូវឈប់បាញ់ជារៀងរហូត ។

លោកទទួលស្គាល់ថា ថៃធ្លាប់ប្រកាសកន្លងមក បើធ្វើសង្គ្រាមម្តងទៀតនឹងវាយកម្ពុជាឱ្យខ្លាំងជាងមុន ប៉ុន្តែពេលនេះ សង្គ្រាមបានអូសបន្លាយយូរថ្ងៃ និងបាត់បង់ច្រើន ទើបយើងព្យាយាមចរចាបញ្ចប់សង្គ្រាម ប៉ុន្តែកម្ពុជាមិនឆ្លើយតប ថៃមានតែប្រយុទ្ធបន្តរហូតដល់កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ចប់អរិភាព ។ រីឯការធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសថៃរបស់បេសកជនពិសេសក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នៅថ្ងៃទី១៨ ខែធ្នូ រដ្ឋាភិបាលថៃបានត្រៀមរាយការណ៍ពីស្ថានការណ៍សង្គ្រាមរួចហើយ ។

គួរបញ្ជាក់ថា ការវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនេះ កងទ័ពថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ថែមប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ បើអាស៊ាន អង្គការសហប្រជាជាតិ មហាអំណាចអាមេរិក និងមហាអំណាចចិន មិនប្រញាប់ជួយអន្តរាគមន៍ដាក់សម្ពាធថៃទេនោះ កម្ពុជានឹងរងការបំផ្លិចបំផ្លាញកាន់តែច្រើន ដោយសារថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមិនរើសកន្លែង ៕