កងទ័ពថៃបានបើកការវាយប្រ.ហារយ៉ាងកំរោលចូលក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាមិនឈប់ឈរតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទោះមានការអំពាវនាវពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនក្តី ក៏ថៃនៅតែផ្គើនមិនបញ្ចប់សង្គ្រា.មឈ្លានពា.ន ថែមទាំងទាមទារឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌចំនួន៣របស់ខ្លួន រួមមាន ៖ ១-កម្ពុជាត្រូវប្រកាសឈប់បា.ញ់ជាមុន, ២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងបន្តបន្ទាប់ និង៣-កម្ពុជាត្រូវផ្តល់កិច្ចសហការបោសសម្អាតមីនដោយភាពហ្មត់ចត់ និងស្មោះត្រង់ ។

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ និងអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ដោយសង្ឃឹមថា កម្ពុជា-ថៃនឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុតដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព និងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងភាគីទាំងពីរ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែធ្នូ ថា ៖ «បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា និងថៃម្តងទៀត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរភ្ជាប់ទំនាក់ទំនងកសាងសន្តិភាពឡើងវិញឱ្យបានឆាប់» ។

បើតាមលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន គឺបេសកជនពិសេសរបស់ក្រសួងការបរទេសចិន លោក Deng Xijun ទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃម្តងទៀតនៅថ្ងៃទី១៨ ខែធ្នូ ដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរភ្ជាប់ទំនាក់ទំនងកសាងសន្តិភាពឡើងវិញឆាប់ៗ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចង់ឃើញភាគីទាំងពីរមានសន្តិភាព ។ ក្នុងនាមជាប្រទេសជិតខាងល្អជាមួយកម្ពុជា-ថៃ ចិនបានតាមដានស្ថានការណ៍ជម្លោះព្រំដែនយ៉ាងដិតដល់ ដោយជំរុញឱ្យភាគីទាំងពីរបញ្ឈប់សង្គ្រាម កាត់បន្ថយស្ថានការណ៍តានតឹងឆាប់ៗតាមវិធីរបស់ចិន ។

បេសកជនពិសេសរបស់ក្រសួងការបរទេសចិន លោក Deng Xijun ធ្លាប់បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃម្តងហើយកាលពីខែកញ្ញា ក្នុងគោលបំណងស្តារសន្តិភាពកម្ពុជា-ថៃ ពេលនោះ លោកថា ការរស់នៅរួមគ្នាយ៉ាងសន្តិភាព និងសហការដើម្បីអភិវឌ្ឍន៍ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ព្រមទាំងពលរដ្ឋទាំងសងខាង ។ រីឯដំណើរទស្សនកិច្ចលើកនេះ គឺបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវឱ្យបញ្ចប់សង្គ្រាមកម្ពុជា-ថៃជាបន្ទាន់ និងស្នើឱ្យភាគីទាំងពីរអត់ធ្មត់ដោះស្រាយបញ្ហាតាមវិធីផ្សេងៗដើម្បីបញ្ចប់អំពើហិង្សា ។

ចំណែកស្ថានទូតចិនប្រចាំប្រទេសថៃ ក៏បានបង្ហោះសារដូចគ្នានេះដែរកាលពីថ្ងៃទី១៧ ខែធ្នូ ថា រដ្ឋាភិបាលចិនបារម្ភពីសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ ដោយបញ្ជូនបេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី ធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា-ថៃនៅថ្ងៃទី១៨ ខែធ្នូ ដើម្បីស្តារសន្តិភាពឆាប់ៗ ក្នុងឋានៈចិនជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា-ថៃ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសក្រសួងការបរទេសចិនជាថ្មី បន្ទាប់ពីកាលពីថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin និងអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអំពាវនាវឱ្យកម្ពុជា-ថៃបញ្ឈប់សង្គ្រាមជាបន្ទាន់ ដោយបង្ហាញគោលជំហររបស់ចិនអាទិភាពចម្បងបំផុត គឺបញ្ឈប់ការប្រយុទ្ធគ្នា និងការពារអាយុជីវិតជនស៊ីវិល ប៉ុន្តែត្រូវបានរដ្ឋាភិបាលថៃទាត់ចោលការអំពាវនាវរបស់មហាអំណាចចិន ដូចដែលធ្លាប់ទាត់ចោលការអំពាវនាវរបស់ម៉ាឡេស៊ី និងមហាអំណាចអាមេរិក ។

រដ្ឋាភិបាលថៃបានរៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីដោយយកលេសគ្រាប់មីន ដែលសង្គ្រាមលើកនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាតាមបណ្តាខេត្តជាប់ព្រំដែនថៃ មានទាំងស្ពាន វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul បែរជាប្រាប់ឱ្យកម្ពុជាសុំចរចាមុន និងចោទប្រកាន់កម្ពុជាបាញ់មុនទៅវិញ ខណៈកងទ័ពកម្ពុជាបានអត់ធ្មត់បំផុតរហូតដល់២៤ម៉ោងក្រោយ ទើបសម្រេចចិត្តតបតទៅកងទ័ពឈ្លានពានថៃ ដើម្បីការពារខ្លួននិងបូរណភាពទឹកដី ។ សង្គ្រាមលើកនេះបានអូសបន្លាយយូរ បើគ្មានការជួយអន្តរាគមន៍ពីអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនទេនោះ ថៃនឹងមិនបញ្ចប់ងាយៗទេ ៕