ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានបញ្ជាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រេងឥន្ធនៈដែលនាំចូលពីថៃ គឺប្រើប្រាស់តែក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ ឡាវនឹងសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រេងជាមួយថៃ ។ ការច្រានចោលព័ត៌មាននាំចេញប្រេងថៃបន្តទៅកម្ពុជា ក្រោយពីថៃរឹតបន្តឹងការនាំចេញប្រេងទៅឡាវតាមច្រកព្រំដែនឆងម៉េត ឃុំឆងម៉េត ស្រុកស៊ិរិន ខេត្តឧប៊ុនរ៉ាជថានី ដោយសារខ្លា.ចមានការនាំចេញបន្តទៅកម្ពុជា បណ្តាលឱ្យរថយន្តដឹកប្រេងរាប់សិបគ្រឿងកកស្ទះនៅច្រកព្រំដែនឆងម៉េតកាលពីថ្ងៃទី១៥ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNpph2N68SFI8gfpwfMkS1oGieQ4I0PwUhyphenhyphenih3F8EBYMJzjnBJZWu7wMIdja8JOOH2OZzE8Wlmf0O1-2uzzd8cdodXTpcCqYN8mG96t5Qxou6RcX8aY9Q631O1hmSN6kg7KsNAseMA9rDThxDlWhb6V7cVLvh77arlEa89jsbPa10WduIMIxO2Ml0ku6MW/s1200/photo_2025-12-17_10-46-24%20(2).jpg
កាលពីថ្ងៃទី១៦ ខែធ្នូ លោក ម៉ាឡៃថង កុមម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ ដោយលោក ម៉ាឡៃថង បានបង្ហាញក្តីបារម្ភ និងយល់ពីថៃរឹតបន្តឹងការនាំចេញប្រេងមកប្រទេសឡាវដើម្បីកុំឱ្យឡាវនាំចេញបន្តទៅកម្ពុជា និងបញ្ជាក់ថា ឡាវមិនបាននាំចេញប្រេងបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ពាក់ព័ន្ធនឹងទំនិញឆ្លងកាត់ឡាវ ។ ក្រៅពីនេះ ឡាវរីករាយសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រងជាមួយថៃ ដើម្បីបង្ហាញភាពច្បាស់លាស់ ។ នេះបើតាមការលើកឡើងរបស់លោក ប្រាសឺត សិនសុខប្រាសឺត មន្ត្រីក្រសួងថាមពលថៃ ។

ថៃបាននាំចេញប្រេងទៅប្រទេសឡាវក្នុងបរិមាណធម្មតា មិនកើនឡើងទេ ដោយសារមានការបញ្ជាក់ច្បាស់លាស់ពីឈ្មួញនាំចូលប្រេង និងនាយកដ្ឋានគយឡាវ ប៉ុន្តែឡាវទទួលស្គាល់ថា ការនាំចូលប្រេងពីថៃមានបរិមាណខុសៗគ្នាក្នុង១លើកៗ និងមានរថយន្តដឹកប្រេងជាមធ្យមប្រមាណ២០គ្រឿងក្នុង១ថ្ងៃ បើកឆ្លងកាត់ច្រកព្រំដែនឆងម៉េត ។ នៅថ្ងៃខ្លះ រថយន្តដឹកប្រេងពីថៃនាំចូលឡាវមានតែ៥គ្រឿងប៉ុណ្ណោះ ថ្ងៃខ្លះទៀតមានច្រើនរហូតដល់៥០គ្រឿង ។ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារៀងរាល់ឆ្នាំ គឺជាពេលបញ្ចប់រដូវវស្សាគ្មានភ្លៀង ប្រទេសឡាវមានតម្រូវការប្រេងច្រើនជាងរដូវវស្សា សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ជាពិសេស ឧស្សាហកម្មរ៉ែនៅភាគខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3zQ9iMEDBdDD3g8hyUvpHatQ2sEvIakVyIIrvTDz1XD8-gwrIJUfXoL2WrVtXflymqT_af1-s3cL82wbGlvo6vWO6AiR8VJh0-TWmfVlh24CI2UTRioZucdXrp9HTsTkEtO1uHDnINxPFbHrYGJ2TTk1zjhbaP-DYPxGkxCJZVVUy8BcBbAIdb-M8WH_/s1090/photo_2025-12-17_10-46-24.jpg

លោក ម៉ាឡៃថង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបញ្ជាក់ថា ៖ «ក្រសួងថាមពលឡាវ ឈ្មួញជួញដូរប្រេង នាយកដ្ឋានគយ និងស្ថាប័នពាក់ព័ន្ធ ផ្តល់ភាពសំខាន់ និងតាមដានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញប្រេងបន្ត ។ ប្រេងដែលនាំចូលពីថៃសម្រាប់តែប្រើប្រាស់ក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ហើយក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធអនុវត្តគ្រប់វិធានការដើម្បីឱ្យប្រាកដចិត្តថា គ្មានការនាំចេញប្រេងទៅកម្ពុជាតាមវិធីណាទាំងអស់» ។

កាលពីថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakiul និយាយថា តាមការត្រួតពិនិត្យ គឺគ្មានការនាំចេញប្រេងបន្តទៅកម្ពុជាឡើយ ។ បន្ទាប់មក ថៃក៏បានសូមទោសឡាវចំពោះការរឹតបន្តឹងការនាំចេញប្រេងតាមច្រកព្រំដែនឆងម៉េត ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវ ឬបង្កការលំបាកដល់ពលរដ្ឋឡាវទេ ប៉ុន្តៃដោយសារស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ និងមិនពាក់ព័ន្ធជាមួយប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis-jen62kIDVcNlPiAJ85oDTyXYz_AbfVBzCyr3wpiB841IiBspsGX8m7BquGBDPsXdexmwn2LykqUtjze8ndkG5rpiqUPgiIYo6-h64hZUoyCdlO6AMfLQZgGrAu8r448C_49H0y-knwV7yNdS5jXhxzlhyt97RUE_rLAijYwQeXSefMu-_rOkVD9PmO6/s640/photo_2025-12-15_12-00-22.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ ថៃចាប់ផ្តើមរឹតបន្តឹងការនាំចេញប្រេងទៅកាន់ឡាវ ដើម្បីកុំឱ្យឡាវលក់ប្រេងបន្តឱ្យកម្ពុជា ដែលធ្វើឱ្យរថយន្តដឹកប្រេងរហូតដល់៨០គ្រឿង កកស្ទះបន្តគ្នារង់ចាំឆ្លងកាត់ច្រកព្រំដែនឆងម៉េតទៅឡាវ ។ ស្ថានភាពនេះកើតឡើងក្រោយពីលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីគ្រប់គ្រងការនាំចេញប្រេង និងសម្ភារៈយោធានៅច្រកព្រំដែនឆងម៉េតជាអចិន្ត្រៃយ៍ ដោយអនុវត្តចាប់ពីម៉ោង២៤និង០០នាទីថ្ងៃទី១៥ ខែធ្នូ ។

ការធ្វើបែបនេះដោយសារមានការសង្ស័យឡាវអាចនាំចេញប្រេងបន្តទៅកម្ពុជា ហើយថៃមើលឃើញថា បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតប្រេង និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗ ។ ហេតុនេះ ថៃក៏សម្រេចចិត្តរឹតបន្តឹងការនាំចេញប្រេងទៅឡាវ ក្នុងគោលបំណងទប់ស្កាត់ការចែកចាយបន្តទៅឱ្យកម្ពុជាដើម្បីដាក់សម្ពាធកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHEam6ViLXZcckhrE76oHuIo5yJUKUHj3jVWgIrC1oov1LoOeyW-6kupN6zXwBJ7kh3nPM5sUHDof_VdjYu_nH30TIIr6rYQaMDdTQc0yiB-qj90EjAoGogQegXAZjElnFvPVr2QHU4928fDPnEntMBI4Dqe1RjHO5CjSaqJPT45CZVZpCNqA1WW__q3J/s1024/photo_2025-12-15_12-00-22%20(2).jpg

តាំងពីថៃបិទព្រំដែនគោកជាឯកតោភាគីមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយថា នឹងបញ្ឈប់ការនាំចូលប្រេងគ្រប់ប្រភេទពីថៃ ដោយស្វែងរកការនាំចូលពីប្រទេសផ្សេងជំនួសវិញ ខណៈពលរដ្ឋកម្ពុជាក៏ឈប់គាំទ្រប្រេងថៃដូចមុន ។ ថៃនៅតែយល់ច្រឡំថា កម្ពុជាប្រើប្រាស់ប្រេងរបស់ខ្លួន ទើបបិទការនាំចេញប្រេងទៅឡាវ ប៉ុន្តែគ្មានប្រយោជន៍ ដោយសារកម្ពុជាឈប់ប្រើប្រាស់ប្រេងថៃយូរមកហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pgYPUW1XeNE4wtUNDINQD83ZpYj1zX9yuuxlM47rcgB5cmequfN2ic3Wlv1Vp8R92GMagyXPHaXOg_zlvv079nqSuapCj6gFqWhbeAKA9EE7QYbbIsv6Bum2J_yDV-8Cjy1ptJNHRUvONv_HcE_SDI7PeqICopJy3T69S-wBEm40DDsI6OA5aFp-wSzc/s640/photo_2025-12-15_12-00-22%20(3).jpg