អ្នកលក់អនឡាញ ចែយូរ៉ា បានបង្ហាញការភិតភ័យរបស់ខ្លួននិងកាន់តែប្រុងប្រយ័ត្នជាងមុនបន្ទាប់ពីមានគណនីហ្វេកប៊ុកដែលកត់សម្គាល់ឃើញថាមិនមែនជាជនជាតិខ្មែរបានសួររកកន្លែងទីតាំងធ្វើស្បៀងរបស់ខ្លួនដែលជួយដល់ទាហានជួរមុខ។
ជាអ្នកខេត្តឧត្តរមានជ័យ ចែយូរ៉ា និងស្វាមី តែងតែស្វិតស្វាញជានិច្ចក្នុងការជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទឹកចិត្តរបស់ ចែយូរ៉ា និងស្វាមី តែងតែទទួលបានមតិកោតសរសើរយ៉ាងខ្លាំង។ នាយប់ថ្ងៃទី១៦ ធ្នូ នេះ ចែយូរ៉ា ក៏បានទម្លាយប្រាប់សាធារណជនថាខ្លួនត្រូវតែប្រុងប្រយ័ត្នជាងមុនមិនអាចបង្ហាញទីតាំងកន្លែងចុងភៅធ្វើស្បៀងជួយដល់កងទ័ពឡើយ។

ចែយូរ៉ា បាននិយាយនៅក្នុងវីដេអូថា រឿងដែលគួរឱ្យខ្លាចគឺមានគណនីពីរដែលជាការកត់សម្គាល់ពុំមែនជាជនជាតិខ្មែរទេពីការសរសេរសុំទីតាំងធ្វើស្បៀងកន្លែងរបស់ខ្លួនដែលជាកន្លែងសម្ងាត់។ អ្នកលក់អនឡាញរូបនេះបន្ថែមថាអ្នកសរសេរនោះគឺសុំតែលេខទទួល ទាំងនាងបានឱ្យ Voice សំឡេងសួរថានៅជួរខាងណាមកយករបស់ហូប យកបារី មកយកកាហ្វេកញ្ចប់ ជាដើមប៉ុន្តែគណនីនោះមិននិយាយជាសំឡេងនោះទេដោយគ្រាន់តែសុំតែលេខនិងទីតាំងធ្វើអាហារ។ ចែយូរ៉ា បញ្ជាក់ទៀតថា ទាហានខ្មែរគឺមិនសុំ Location នោះទេសុំតែលេខទូរសព្ទនិងទីតាំងស្រុក ខណៈគណនីនោះ ចែយូរ៉ា បានប្លុកចោលហើយ។
ជាមួយនឹងការប្រុងប្រយ័ត្នជាងមុន ចែយូរ៉ា បានបញ្ជាក់ថាខ្លួនបានបិទ Location ប្រទេសថៃហើយ។
គួរបញ្ជាក់ផងដែរថា ចែយូរ៉ា បានប្រកាសថាសម្រាប់ទាហាន ប៉ូលិស ប៉េអឹម គ្រូពេទ្យប៉ែកខាងព្រំដែនខេត្តគឺអាចមកយកអាហារ ម្ហូប នៅផ្ទះរបស់ខ្លួនបានដោយអាហារទាំងនេះបានមកពីមូលនិធិសប្បុរសជន៕










