កញ្ញា រ៉េត សារីតា និង ស៊ីន យូប៊ីន គឺត្រូវរងនូវការរិះគន់យ៉ាងច្រើនពីមហាជនជុំវិញជម្លោះណព្រំដែនខ្មែរថៃ។ ទោះយ៉ាងណាបន្ទាប់ពីមកដល់ស្រុកខ្មែរភ្លាម រ៉េត សារីតា បានរូតរះយកស្បៀងចូលរួមជាមួយនឹង EAT MORE។ ងាកមកកាន់ ស៊ីន យូប៊ីន វិញនាងនិងប្អូនស្រីបានចូលរួមជួយដល់ជនភៀសសឹកតាមរយៈតារាចម្រៀង នីកូ។
នៅថ្ងៃទី១៥ ខែធ្នូ រ៉េត សារីតា បានចែករំលែកវីដេអូរបស់ រ៉េត ស្រីនាថ ជាមួយនឹងការរៀបរាប់ថា «ខ្ញុំបានមកដល់ជាតិមាតុភូមិយើងវិញហើយបងប្អូន អរគុណដល់ប្អូនៗខ្ញុំទាំងអស់ កាលពីថ្ងៃទី១៤ នេះ។ គ្រាន់តែចេញពីព្រលានយន្តហោះភ្លាម ប្អូនខ្ញុំគាត់បានសង្វាតដៃជើងមកយកខ្ញុំ រួចបានយកអីវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ មកចូលរួមជាមួយគ្នានៅ EAT MORE ដែលរួមមាន ដូចជា អង្ករ សាច់ក្រក ត្រីងៀត ខោទឹកនោមកូនក្មេង សំឡីអនាម័យស្ត្រី សម្លៀកបំពាក់»។
នៅក្នុងការបង្ហោះរបស់ ស្រីនាថ ដែលជាប្អូនស្រីរបស់ រ៉េត សារីតា បាននិយាយថាគ្រួសាររបស់នាងបានបរិច្ចាគដើម្បីជួយដល់ទាហាន និងជនភៀសខ្លួនកម្ពុជាទៅតាមលទ្ធភាពដែល អាចធ្វើបានដោយសង្ឃឹមថាប្រទេសរបស់យើងនឹងវិលមករកសន្តិភាពវិញ។ ក្នុងពេលនេះគឺមានតែជួយគ្នាទៅវិញទៅមក រក្សាភាពរឹងមាំ រួបរួមគ្នា ឈរជាមួយគ្នា គ្មាននរណាបំបែកបានជាប្រទេសតូចតែមានបេះដូងធំ។ 
ចំណែកឯ ស៊ីន យូប៊ីន វិញបានបង្ហាញនៅលើការចែករំលែក IG Story ដោយប្អូនស្រីរបស់នាងគឺ ស៊ីន ជេននី បានចូលរួមមានដូចជាទឹកសុទ្ធ ថ្នាំពេទ្យ ចំណីអាហារ ជូនដល់ជនភៀសសឹក។ ក្នុងពេលចូលរួមស្បៀងជាមួយ នីកូ គឺមានវត្តមាន ជេននី ដោយ ស៊ីន យូប៊ីន ពុំមានវត្តមានឡើយ៕










