ញូយ៉ក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ចុងសប្ដាហ៍មុនថា ប្រទេសថៃ និងកម្ពុជា នឹងប្រឈមជាមួយការតម្លើងពន្ធគយខ្លាំងក្លាពីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនបញ្ឈប់ជម្លោះប្រដាប់អាវុ.ធទេ ហើយវិលទៅគោរពបទឈប់បា.ញ់វិញនោះទេ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្សុី TASS នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន…ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។
លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។.jpg)
ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យសេតវិមានម្នាក់កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។
យ៉ាងណាគួររម្លឹកថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃសៅរ៍ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។ .jpg)
ឆ្លើយតបនឹងសេចក្ដីអំពាវនាវរបស់ម៉ាឡេសុីដូចខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តនូវបទឈប់បា.ញ់ដែលទើបប្រកាសថ្មីនេះ។ ប៉ុន្តែទោះជាយ៉ាងណា ចំពោះខាងភាគីថៃឯណោះ លោក អានុទីន បានប្រកាសថាយោធានឹងនៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវរបស់ភាគីណាមួយ រួមទាំងលោកត្រាំផងដែរ ក្នុងការបញ្ជាថៃឱ្យត្រឡប់ទៅរក បទឈប់បាញ់និងបញ្ចប់ជម្លោះជាមួយកម្ពុជាឡើយ៕










