សារព័ត៌មាន Khaosod របស់ថៃ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះបានចុះផ្សាយថា ដោយបច្ចុប្បន្នប្រទេសថៃមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ប្រទេសថៃបានចាប់ផ្ដើមរឹតបន្តឹងការនាំចេញប្រេងទៅកាន់ប្រទេសឡាវ ដើម្បីធានាថាឡាវ នឹងមិនលក់ប្រេងបន្តទៅឲ្យប្រទេសកម្ពុជា។

តាមសេចក្ដីរាយការណ៍ខាងលើបានឲ្យដឹងថា ក្បួនរថយន្តដឹកប្រេងឥន្ធនៈចំនួន ៨០ គ្រឿង ចំណុះជាង ៤ លានលីត្រ កំពុងកកស្ទះបន្តគ្នាដើម្បីរង់ចាំឆ្លងកាត់ច្រកព្រំដែនចុងមេក ទៅកាន់ប្រទេសឡាវ។ ស្ថានភាពនេះ កើតឡើងក្រោយ ឧត្តមសេនីយ៍ឯក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធា នៅច្រកព្រំដែនចុងមេកអចិន្ត្រៃយ៍ ក្នុងខេត្តឧប៊ុនរ៉ាចាថានី ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ២៤:០០ ថ្ងៃនេះតទៅ។
តាមការបញ្ជាក់ ការធ្វើបែបនេះ គឺត្រូវបានអនុម័តបន្ទាប់ពីមានការសង្ស័យថា អាចមានបណ្តាញរត់ពន្ធប្រេងឥន្ធនៈឆ្លងកាត់ច្រកព្រំដែនចុងមេក ចូលទៅក្នុងប្រទេសឡាវ រួចធ្វើការលក់បន្តទៅឱ្យប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើនេះថែមទាំងបានវាយតម្លៃផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗដូចជា ថ្នាំពេទ្យ និងស្បៀងអាហារទៀតយ៉ាងធ្ងន់ធ្ងរ។ មូលហេតុនេះហើយ ទើបប្រទេសថៃសម្រេចចិត្តថា នឹងរឹតបន្តឹងការនាំចេញប្រេងរបស់ខ្លួនទៅឲ្យប្រទេសក្បែរខាង ចៀសវាងមានការចែកចាយបន្តទៅឲ្យកម្ពុជា ដើម្បីជាការបន្ថែមសម្ពាធឲ្យកម្ពុជាថែមមួយកម្រិតទៀត។.jpg)
យ៉ាងណាគួរជម្រាបថា ចាប់តាំងពីមានការបិទព្រំដែនគោកជាឯកតោភាគីដោយប្រទេសថៃមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចមកហើយថា នឹងបញ្ឈប់ការនាំចូលប្រេងឥទ្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ដោយស្វែងរកនាំចូលពីប្រទេសផ្សេងជំនួសវិញ។
ជាក់ស្ដែង បើតាមចលនាពហិការរបស់ប្រជាពលរដ្ឋកម្ពុជានាពេលនេះ ថៃមិនចាំបាច់ទប់ស្កាត់ការនាំចេញប្រេងមកឲ្យកម្ពុជានោះទេ ព្រោះបើទោះជារាជរដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ការនាំចូល ក៏ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងឈប់គាំទ្រ និងប្រើប្រាស់ ប្រេងសាំ ឬសេវាកម្មពីក្រុមហ៊ុនថៃដូចមុនដែរ។ .jpg)
ជាឧទាហរណ៍ដែលមានស្រាប់ គឺក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏ធំមួយរបស់ថៃ បច្ចុប្បន្នកំពុងស្វែងរកផ្លូវចាកចេញពីទីផ្សាររបស់កម្ពុជាដោយខ្លួនឯងហើយ ក្រោយការលក់មានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្រ្ត៕










