បន្ទាប់ពីស្ងប់ស្ងាត់និងរងការរិះគន់យ៉ាងដំណំពីសហគមន៍អនឡាញកញ្ញា រ៉េត សារីតា បានចេញមុខសូមទោសសាធារណជនដែលនាងយឺតយ៉ាវដោយបញ្ជាក់ពីមូលហេតុថានាងកំពុងបំពេញការងារនៅក្រៅប្រទេសនិងខ្លាចពាក្យកូនខ្មែរធ្វើការងារមិនល្អដោយត្រូវបង្ខំចិត្តបិទបណ្តាញសង្គម។ ជាមួយគ្នានេះ រ៉េត សារីតា បាននិយាយទាក់ទងនឹងការបង្ហោះសំណេររបស់នាងកាលពីមុនដោយចង់ឱ្យមហាជនបើកចិត្តថ្លឹងថ្លែងហើយនាងពុំបានកាន់ជើងថៃនោះទេ។

នៅយប់ថ្ងៃទី១១ ខែធ្នូ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បងប្អូនទាំងអស់គ្នា ខ្ញុំពិតជាសូមទោសចេញពីចិត្តសម្រាប់ការយឺតយ៉ាវរបស់ខ្ញុំ។ ដោយសារតែខ្លាចពាក្យថាកូនខ្មែរធ្វើការងារមិនបានល្អ ទើបខ្ញុំប្រឹងផ្តោតលើការងារ រហូតបង្ខំចិត្តបិទបណ្តាញសង្គម មិនបានតាមដានលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ។ សូមផ្តល់ពេលវេលាសម្រាប់នាងខ្ញុំ សូមអនុញ្ញាតនាងខ្ញុំបញ្ចប់ការងារសិន ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ និងចូលរួមជួយតាមរយៈសម្លេងរបស់ខ្ញុំតាមលទ្ធភាពដែលអាចធ្វើបាន។អរគុណចេញពីចិត្តរបស់នាងខ្ញុំសម្រាប់ការយោគយល់របស់បងប្អូន»។
.png)
រ៉េត សារីតា បាននិយាយនៅក្នុងវីដេអូដោយបញ្ជាក់ថាពេលនេះនាងកំពុងស្ថិតនៅប្រទេសសាំហ្គាពួរ មកបំពេញភារៈកិច្ចរបស់ខ្លួនដែលការងារនាងទាមទារសមត្ថភាព ទេពកោសល្យ និងការប្រើប្រាស់មនោសញ្ចេតនា។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០រូបនេះថា ចៃដន្យចង្រៃអី ថ្ងៃដែលនាងចេញថតគឺជាថ្ងៃផ្ទុះអាវុធហើយផុសចុងក្រោយរបស់នាងគឺបានស៊ែរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនហើយនាងត្រូវបង្ខំចិត្តលុបចោលបណ្តាញសង្គមទាំងអស់ព្រោះវានឹងប៉ះពាល់ផ្លូវចិត្តរបស់នាង ខណៈនាងមានទំនួលខុសត្រូវលើការងាររបស់ខ្លួន។ កញ្ញា រ៉េត សារីតា ថាការលុបបណ្តាញសង្គមទាំងអស់របស់នាងស្តាប់មើលទៅអាត្មានិយមប៉ុន្តែអារម្មណ៍មួយត្រូវមានទំនួលខុសត្រូវលើការងារខ្លាចគេមើលងាយថាខ្មែរយកអារម្មណ៍មកធ្វើការ ហើយអារម្មណ៍មួយទៀតនឹកឃើញស្រុកទេសខ្លួនឯង។
និយាយទាំងអួលដើមក រ៉េត សារីតា ថានាងមិនហ៊ានបើកហ្វេកប៊ុកនោះទេប៉ុន្តែបានខលសួរទៅគ្រួសារទោះបីជាពេលនាងកំពុងថតវីដេអូនេះក៏មិនទាន់បានបើកហ្វេកប៊ុកដែរព្រោះដឹងថានឹងប៉ះពាល់ដល់អារម្មណ៍នាងខ្លាំង។ ចំពោះការបង្ហោះសារដែលពាក់ព័ន្ធនឹងសីលធម៌ រ៉េត សារីតា បានលើកទឹកចិត្តឱ្យសាធារណជនអានដោយថ្លឹងថ្លែងនិងពិចារណា ពីព្រោះមិនមានកន្លែងណាដែលនាងលើកជើងពួកថៃនោះទេព្រោះថៃគ្មានតម្លៃសូម្បីតែ០.១%ឱ្យនាងនិយាយ។ រ៉េត សារីតា ថាបំណងរបស់នាងគឺជាការបង្ហាញថាខ្មែរយើងជាប្រទេសមួយដែលមានចំណេះដឹង មានប្រជាជនដែលថ្លៃថ្នូរ ពោរពេញដោយវប្បធម៌ សីលធម៌ សិល្បៈគ្រប់បែបយ៉ាង ដែលបង្ហាញថាមិនមែនជាប្រទេសដែលក្រ សុំទាន មិនមែនជាប្រទេសចោរឈ្លានពាន នេះជាអ្វីដែលនាងចង់បង្ហាញទៅកាន់ប្រទេសដទៃ។
ជាមួយគ្នានេះ រ៉េត សារីតា បាននិយាយលើកទឹកចិត្តអ្នកដែលទំនេរយកពេលទំនេររកវិធីសាស្រ្តណាជួយទៅដល់អ្នកដែលរងផលប៉ះពាល់ហើយនាងនឹងជួយទៅតាមអ្វីដែលនាងអាចធ្វើបាន៕










