ប្រទេសថៃ ៖ បន្ទាប់ពីទទួលដំណឹងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទូរស័ព្ទមកឆាប់ៗសួរនាំពីការធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា លោក Anutin Charnvirakul ក៏ដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគេចពីការចរចាសន្តិភាព និងមិនទទួលខុសត្រូវក្រោយបើកដៃឱ្យកងទ័ពវាយប្រ.ហារកម្ពុជាទាំងកំរោល ។ ប៉ុន្តែមិនអាចគេចវេះប្រធានាអាមេរិកទេ ពីព្រោះមន្ត្រីសេតវិមានបានជូនដំណឹងមកលោក Anutin ឱ្យត្រៀមខ្លួនទទួលទូរស័ព្ទប្រធានាធិបតីអាមេរិក នាវេលាម៉ោង៩និង២០នាទីយប់នេះដើម្បីបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ។
តាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃស្តីទី លោក Anutin Charnvirakul មន្ត្រីសេតវិមានបានជូនដំណឹងមកថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកជជែកនាវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា បន្ទាប់ពីកងទ័ពថៃបើកការវាយប្រ.ហារនៅតាមបណ្តោយព្រំដែនទាំងកំរោលជាច្រើនថ្ងៃ ។ លោក Anutin ថា ត្រៀមរាយការណ៍ពីស្ថានការណ៍សង្គ្រាមតាមបណ្តោយព្រំដែន អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃឈប់បា.ញ់ទេ កងទ័ពជាអ្នកសម្រេចចិត្តឈប់ឬក៏អត់ រីឯការរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ មិនពាក់ព័ន្ធនឹងសង្គ្រា.មឡើយ ។
ទោះបីពេលនេះ ប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះបន្ទាប់ពីរំលាយសភា ប៉ុន្តែរដ្ឋាភិបាលនៅតែមានអំណាចពេញលេញក្នុងការចាត់ចែងការងារប្រទេស ។ រីឯអំណាចចាត់ចែងការងារមួយចំនួនដែលរដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិសម្រេច គឺអាចស្នើសុំការអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោត ។
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺក្នុងរយៈពេលចាប់ពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ ហើយរដ្ឋាភិបាលថៃនឹងកាត់បន្ថយការធ្វើសង្គ្រាមជាមួយកម្ពុជាឱ្យបានមុនពេលបោះឆ្នោត ដែលការធ្វើសង្គ្រាមជាថ្មីនេះ គឺជាការការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ។ នៅល្ងាចថ្ងៃទី១២ ខែធ្នូ លោក Anutin នឹងទៅទីបញ្ជាការកងទ័ពស្តាប់ការរាយការណ៍ពីស្ថានការណ៍ព្រំដែន រួចហើយ នឹងជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងឋានៈជាប្រធានអាស៊ាន បន្ទាប់មក ជជែកជាមួយលោកប្រធានាធិបតី Trump ពីការបង្កសង្គ្រាមលើកម្ពុជា ។
ការជជែកជាមួយលោកប្រធានាធិបតី Trump នៅយប់នេះ គឺលោក Anutin នឹងនិយាយពីផលប្រយោជន៍ប្រទេសថៃជាធំ និងមិនយល់ព្រមឱ្យអាមេរិកដាក់សម្ពាធទេ ។ បើលោកប្រធានាធិបតី Trump ស្នើឱ្យថៃឈប់បាញ់ គឺលោក Anutin នឹងបដិសេធ ហើយឱ្យកងទ័ពជាអ្នកសម្រេចចិត្តឈប់បាញ់ឬក៏អត់ ព្រមទាំងនិយាយលាងទោសកំហុស ការវាយប្រហារកម្ពុជាម្តងទៀតដើម្បីការពារអធិបតេយ្យ ។
លោក Anutin ច្រានចោលព័ត៌មានដែលថា ការរំលាយសភាដើម្បីគេចពីការទទួលខុសត្រូវក្រោយបង្កសង្គ្រាមវាយប្រហារកម្ពុជា និងមិនចង់ប្រឈមមុខជាមួយលោកប្រធានាធិបតី Trump ដោយលោកថា មិនពាក់ព័ន្ធគ្នាទេ លោករំលាយសភាដោយសារប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut ស្នើមក ។ លោកក៏បដិសេធព័ត៌មានមួយទៀតដែលថា លោកឱ្យមេឧក្រិដ្ឋកម្មអនឡាញបរទេសខ្ចីយន្តហោះផ្ទាល់ខ្លួនយកទៅប្រើប្រាស់ ។ ចុងក្រោយ លោកផ្តាំផ្តើទៅពលរដ្ឋ ទោះជាពេលនេះ រដ្ឋាភិបាលគណបក្សភូមិចៃថៃក្លាយជារដ្ឋាភិបាលចាំផ្ទះ ប៉ុន្តែនៅតែបំពេញការងារពេញលេញស្របតាមរដ្ឋធម្មនុញ្ញ ពីព្រោះសង្គ្រាមជាមួយកម្ពុជាមិនទាន់បញ្ចប់ ។
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធាតាំងពីថ្ងៃទី៧ ខែធ្នូ ។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕










