ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី Suphajee Suthumpun បានអង្វរអាមេរិកកុំយកពាណិជ្ជកម្មមកពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនចរចាពន្ធទំនិញ ប្រសិនបើអាមេរិកយល់ព្រម ។ មតិជាច្រើនបារម្ភខ្លាចអាមេរិកយកបញ្ហាពន្ធទំនិញមកដាក់សម្ពាធថៃឱ្យបញ្ឈប់សង្គ្រា.មឈ្លានពា.នកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជា-ថៃដើម្បីបញ្ចប់សង្គ្រាម ។ អ្នកស្រីថា ការធ្វើពាណិជ្ជកម្មជាមួយអាមេរិកមិនពាក់ព័ន្ធនឹងកងទ័ពថៃវាយប្រ.ហារកម្ពុជាទេ ។
អ្នកស្រី Suphajee បញ្ជាក់ថា សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃកំពុងតែក្តៅគគុកនាពេលបច្ចុប្បន្នដែលបង្កឡើងដោយកងទ័ពថៃ គឺជាបញ្ហារវាង២ប្រទេស ។ កងទ័ពថៃវាយប្រហារកម្ពុជាដោយសារការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ហើយក្រសួងការបរទេសថៃបានជូនដំណឹងទៅអន្តរជាតិ រួមទាំងអាមេរិករួចហើយ គឺទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុនដើម្បីលុបលាងទង្វើអាក្រក់របស់ថៃ ។ បើអាមេរិកយកពាណិជ្ជកម្មមកពាក់ព័ន្ធនឹងជម្លោះព្រំដែន គឺជាសិទ្ធិរបស់អាមេរិក ប៉ុន្តែថៃមិនចង់ឱ្យអាមេរិកធ្វើបែបនេះទេ ។
ក្រសួងពាណិជ្ជកម្មថៃត្រៀមខ្លួនជានិច្ចក្នុងការចរចាពន្ធទំនិញជាមួយអាមេរិកឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ប៉ុន្តែបើអាមេរិកមិនយល់ព្រម ថៃក៏មិនខាតបង់អ្វីដែរ ដោយសារអត្រាពន្ធទំនិញនាំចូលអាមេរិក ស្មើ១៩% ដូចមុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី១១ ខែ ធ្នូ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរៀបចំឆាកល្ខោនសម្តែងឱ្យកងទ័ពខ្លួនជាន់មីនរងរបួសនៅព្រំដែនខេត្តស៊ីសាកេត ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី រួចហើយ លោក Anutin ក៏យកលេសគ្រាប់មីនប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរជាឯកតោភាគី និងប្រកាសថា មិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញឡើយ ថៃនឹងស្វែងរកទីផ្សារថ្មី ។
ពេលនោះ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។
ទោះជាកម្ពុជាច្រាលចោលការបង្កប់មីនថ្មី ក៏ថៃនៅតែមិនបញ្ឈប់ការចោទប្រកាន់ និងផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ បន្ទាប់មក មន្ត្រីពាណិជ្ជកម្មអាមេរិកក៏ជូនដំណឹងមកថៃពីអាមេរិកផ្អាកចរចាពន្ធទំនិញ រហូតដល់ថៃគោរពបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។
កាលពីថ្ងៃទី៧ ខែធ្នូ លោក Anutin បញ្ជាឱ្យកងទ័ពបើកការវាយប្រហារកម្ពុជាជាថ្មីតាមផែនការរៀបចំទុកដើម្បីរកសំឡេងឆ្នោតបន្តតំណែង ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 និង Gripen ហើយលោក Anutin ប្រកាសម្តងទៀតថា មិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញទេ ថៃវាយកម្ពុជាដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ។ ប៉ុន្តែការវាយប្រហារកម្ពុជាជាថ្មីនេះកាន់តែធ្វើឱ្យអាមេរិកឈប់ចរចាពន្ធទំនិញជាមួយថៃ ដោយសារថៃទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពងាកមកធ្វើសង្គ្រាមមិនបង្អង់ដៃ ។ ពេលនេះ ថៃប្រឈមនឹងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើការខាតបង់ដោយសារបិទព្រំដែន ៕










