បន្ទាប់ពីប្រកាសប្រមូលមូលនិធិក្រោមឈ្មោះថា «អ្នកចម្បាំងឈាមខ្មែរ» ទទួលបានទឹកប្រាក់ជាង១១ម៉ឺនដុល្លារតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស រូតរះនាំយកស្បៀងថវិកាជូនដល់ជនភៀសសឹក។ ក្រោយឃើញចាស់ជរា បងប្អូន រត់ពីភ្លើងសង្គ្រាម អ្នកទាំងពីរអួនណែនយ៉ាងខ្លាំង។
ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ ជី ដេវីត និង ទេព បូព្រឹក្ស មិនត្រឹមតែផ្អាកការប្រគំតន្រ្តីរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងចាប់ផ្តើមប្រមូលមូលនិធិជួយដល់ជនរងគ្រោះពីការឈ្លានពានរបស់ថៃដោយធានាមិនឱ្យបាត់លុយសប្បុរសជនមួយកាក់មួយសេនឡើយ។ ក្រោយពីប្រកាសរួចបណ្តាអ្នកគាំទ្រ សប្បុរសជននានា បានចូលរួមជាមួយប្តីប្រពន្ធមួយគូនេះបាននូវថវិកាជាង១១ម៉ឺនដុល្លារ។ នេះបើតាមការបង្ហាញរបស់តារាចម្រៀង ទេព បូព្រឹក្ស គិតត្រឹមពេលបង្ហោះនារសៀលថ្ងៃទី១០ ខែធ្នូ។ ចំនួនថវិកានេះគឺមានការចូលរួមពីរនាក់ទាំងពីរផ្ទាល់ចំនួន២ម៉ឺនដុល្លារ រួមទាំងពូរបស់អ្នកទាំងពីរចំនួន១ម៉ឺនដុល្លារ ខណៈ ប៉ីប៉ី ឌី ក៏បានចូលរួមចំនួន១ម៉ឺនដុល្លារដូចគ្នា។

ទទួលបានថវិកានិងស្របពេលជនភៀសសឹកកំពុងត្រូវការស្បៀង សម្ភារៈជាចាំបាច់ ជី ដេវីត និង ទេព បូព្រឹក្ស គឺបានចុះជួយផ្ទាល់ៗមិនបង្អង់ពេលយូរឡើយ។ នៅថ្ងៃទី១១ ខែធ្នូ នេះគណនីផេកផ្លូវការរបស់ម្ចាស់បទ «វីរៈនារី» បានបង្ហាញទិដ្ឋភាពនៃការចុះជួយជនភៀសសឹក ដោយនាំយកចំណីអាហារនិងទឹកប្រាក់ជាដើម។
ការចុះទៅជួបជនភៀសសឹកផ្ទាល់ៗបែបនេះ ទេព បូព្រឹក្ស អួលណែននិយាយស្ទើរតែមិនចង់ចេញព្រោះឃើញមនុស្សចាស់ជរាត្រូវរត់ភៀសខ្លួនម្តងហើយម្តងទៀតពីភ្លើងសង្គ្រាម ចំណែកឯក្មេងៗវិញជាវ័យដែលកំពុងត្រូវការសិក្សារៀនសូត្រ ត្រូវអាក់ខានការសិក្សា ដោយសារតែការឈ្លានពានរបស់ថៃ៕










