ប្រទេសថៃ ៖ ពលរដ្ឋថៃមួយចំនួនធំបានញុះញង់ និងជំរុញឱ្យកងទ័ពថៃវាយប្រ.ហារកម្ពុជាលើកនេះមួយទំហឹង កុំដកដៃ ឬកំទេ.ចឱ្យខ្ទេច ដើម្បីបញ្ចប់ជម្លោះឆាប់ៗ ដោយសារពួកគេចិញ្ចឹមចិត្តឈ្លានពា.នទឹកដីកម្ពុជាយូរមកហើយ ។ ពលរដ្ឋថៃមានគំនិតជ្រុលនិយមបែបនេះ ដោយសារការអប់រំប្រវតិ្តសាស្ត្រក្លែងក្លាយក្នុងសាលារៀន និងការបំភ្លៃប្រវតិ្តសាស្ត្រក្នុងបណ្តាញសង្គម ទើបមិនចង់បានសន្តិភាពជាមួយប្រទេសជិតខាង ដោយគាំទ្រឱ្យកងទ័ពវាយកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗ ។ ប៉ុន្តែអ្នកស្រាវជ្រាវឯករាជ្យដាស់តឿនស្មារតីពលរដ្ឋថៃឱ្យស្រឡាញ់សន្តិភាព បញ្ឈប់ការញុះញង់ ពីព្រោះការធ្វើសង្គ្រា.មទ្រង់ទ្រាយធំត្រូវចំណាយប្រាក់អស់រាប់លានបាត ។
គំនិតជាតិនិយមជ្រុល វង្វេងប្រវត្តិសាស្ត្រក្នុងសង្គមថៃ គឺជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាល និងកងទ័ពថៃ រំលោភយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ ដែលកម្ពុជា-ថៃបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនធ្វើជាសាក្សី និងរំលោភសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ។
អ្នកស្រាវជ្រាវឯករាជ្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាអ្នកនិពន្ធដ៏ល្បីល្បាញនៅប្រទេសថៃ លោក ស៊ុផាឡាក់ កានចាណាក់ខុនឌី បានដាស់តឿនស្មារតីពលរដ្ឋថៃឱ្យស្រឡាញ់សន្តិភាព មិនមែនជំរុញកងទ័ពវាយប្រហារកម្ពុជាមួយទំហឹងនោះទេ ដោយលោកថា ៖ «ពលរដ្ឋថៃគួរទាមទារសុំសន្តិភាព មិនមែនជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗទេ ដែលពាក្យនេះនឹងធ្វើឱ្យជម្លោះមិនបញ្ចប់ ប៉ុន្តែវាជាការចាប់ផ្តើមពង្រីកសង្គ្រាម» ។
លោកបន្តថា ពលរដ្ឋថៃនៅតាមព្រំដែនតែងតែជំរុញឱ្យកងទ័ពវាយកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗ ឬញុះញង់ឱ្យកងទ័ពធ្វើសកម្មភាពបង្កសង្គ្រាមឱ្យដឹងឈ្នះចាញ់ ហើយសូម្បីតែរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពថៃ ក៏និយាយពាក្យនេះដែរ ។ ពាក្យថា «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» គឺចាប់ផ្តើមឡើងពីពលរដ្ឋថៃរស់នៅព្រំដែនដោយសារពិបាកទ្រាំនឹងស្ថានការណ៍ព្រំដែនបណ្តាលមកពីការប៉ះទង្គិចដោយអាវុធ ប៉ុន្តែការបញ្ចប់ជម្លោះមានច្រើនវិធី ។
ពលរដ្ឋថៃតែងតែនិយាយពាក្យ «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» មកពីពួកគេគិតថា ថៃមានកម្លាំងទ័ពច្រើនជាង និងអាវុធទំនើបជាង ដែលអាចកំទេចកម្ពុជា ទាំងដែលការពិត កងទ័ពថៃគ្មានសមត្ថភាពដល់ថ្នាក់នោះទេ ។ កងទ័ពថៃអាចវាយកម្ពុជាទ្រង់ទ្រាយធំបាន លុះត្រាតែចំណាយថវិការាប់លានបាត និងប្រើប្រាស់អាវុធទំនើបៗ ប៉ុន្តែបច្ចុប្បន្ន ថៃគ្មានអាវុធទំនើបច្រើនទេ ហើយលោក ស៊ុផាឡាក់ អ្នកស្រាវជ្រាវឯករាជ្យមិនប្រាកដចិត្តថា តើកងទ័ពថៃអាចវាយកម្ពុជាយ៉ាងយូរបានប៉ុន្មានថ្ងៃ ។
អ្នកស្រាវជ្រាវឯករាជ្យដាស់តឿនស្មារតីពលរដ្ឋថៃឱ្យយល់ពីផលប៉ះពាល់សេដ្ឋកិច្ចនៅព្រំដែន ដោយពលរដ្ឋថៃគួរសុំសន្តិភាព និងកុំនិយាយពាក្យ «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» ពីព្រោះជាការញុះញង់ធ្វើឱ្យជម្លោះមិនបញ្ចប់ ប៉ុន្តែជាការពង្រីកសង្គ្រាម ។ ការបញ្ចប់ជម្លោះព្រំដែន គឺបញ្ចប់ដោយការចរចារកសន្តិភាពដែលកម្ពុជា-ថៃកំណត់ជាមួយគ្នា ហើយសង្គមថៃគួរគិតពីពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់អាស៊ានដូចគ្នា ។
ការដាស់តឿនឱ្យពលរដ្ឋថៃស្រឡាញ់សន្តិភាព គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារលើកម្ពុជាជាថ្មីតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បែរជាចោទប្រកាន់កម្ពុជាបើកការវាយប្រហារមុនទៅវិញ ដែលការវាយប្រហារលើកនេះធ្វើឱ្យស្ថានការណ៍ព្រំដែនឡើងកំដៅកាន់តែខ្លាំងដូចកាលពីសង្គ្រាមនៅខែកក្កដា ។ រដ្ឋាភិបាលថែតែងតែនិយាយថា គោរពច្បាប់អន្តរជាតិ និងគោរពភាពស្របច្បាប់តាមគោលការណ៍អន្តរជាតិ ប៉ុន្តែបើកដៃឱ្យកងទ័ពប្រើប្រាស់អាវុធធុនធ្ងន់នៅព្រំដែន ដោយអ្នកស្រាវជ្រាវរូបនេះថា ស្ថានការណ៍បច្ចុប្បន្ន ថៃមិនចាំបាច់ប្រើប្រាស់យន្តហោះចម្បាំង F-16 ទេ ។ មេដឹកនាំថៃគួរងាកមកចរចារកសន្តិភាព អនុវត្តតាមផែនការសន្តិភាពដែលបានកំណត់យ៉ាងហ្មត់ចត់ និងឈប់ចោទប្រកាន់កម្ពុជា ។
គួរបញ្ជាក់ថា បន្ទាប់ពីអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាជម្លៀសពលរដ្ឋមកកាន់តំបន់សុវត្ថិភាព កងកម្លាំងកម្ពុជាក៏បានប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីការពារដែនអធិបតេយ្យកម្ពុជាពីការរំលោភបំពានទាំងកំរោលរបស់ភាគីថៃ ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕










