អ្នកបង្កើតមាតិកាដ៏ល្បី Rick Kh បានប្រកាសជាសាធារណៈយកលុយ១៤០០០ដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីជួយសង្គមស្របពេលស្ថានការណ៍នៅព្រំដែនមានភាពតានតឹងឡើងវិញក្រោយថៃឈ្លានពានជាថ្មី។ ជាមួយគ្នានេះលោកក៏បានផ្តល់ជាយោបល់មួយចំនួនអ្វីដែលប្រជាពលរដ្ឋគួរធ្វើក្នុងកំឡុងពេលនេះ។
កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ Rick Kh បានប្រកាសថាលោកនឹងយកថវិកាដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម ខែនេះ ពី Hi Tech + Smart + Orasel + Westview = ១៤,០០០ដុល្លារ ជូនដល់បងប្អូនភាសសឹក ទាហាន និងបណ្ណាល័យទាំងអស់ដើម្បីសងទៅជាតិវិញ។ ជាមួយគ្នានេះលោកក៏ប្រកាសបិទក្រុមហ៊ុនថ្នាំដុសធ្មេញរបស់លោកចំនួន៤ថ្ងៃដើម្បីឱ្យក្រុមការងាររបស់ខ្លួនរៀបចំម្ហូបអាហារសម្ភាសរៈដល់ជនភៀសសឹក ស្របពេលនេះលោកកំពុងជាប់រវល់នៅក្រៅប្រទេស។

ទោះបីជាពេលនេះមិនស្ថិតនៅក្នុងប្រទេសក្តី ប៉ុន្តែនៅព្រឹកថ្ងៃទី០៩ ខែធ្នូ Rick Kh ក៏បានធ្វើវីដេអូមួយជាមតិយោបល់ដល់បងប្អូនជនរួមជាតិនៅក្នុងកំឡុងពេលនេះយើងគួរធ្វើអ្វីខ្លះ។ តាមការចែករំលែករបស់អ្នកបង្កើតមាតិការូបនេះបានឱ្យដឹងថានៅពេលនេះយើងនៅតែបន្តការផុសនៅលើបណ្តាញសង្គមហ្វេកប៊ុក ទិកតុក នៅលើ X គ្រប់បណ្តាញសង្គមទាំងអស់អំពីសកម្មភាពដែលថៃកំពុងឈ្លានពានបាញ់មកលើខ្មែរ។ Rick Kh ថាយើងនៅតែតស៊ូបន្តនៅលើបណ្តាញសង្គមពីព្រោះនេះជាឱកាសចុងក្រោយដែលយើងត្រូវតែឈ្នះឱ្យអន្តរជាតិមកជួយដើម្បីកុំឱ្យមានសង្គ្រាមកើតឡើងនៅស្រុកខ្មែរ។ លោកក៏បានបង្ហាញដែរថា មកដល់ពេលនេះគ្រប់វិនាទីបើកភ្នែកឡើងគឺពិបាកចិត្តតែម្តង។ សម្រាប់បងប្អូនដែលចង់ជួយស្បៀងឬសម្ភារៈផ្សេងៗ Rick Kh ថាអាចយកមកនៅបណ្ណាល័យរបស់លោកបាននៅខេត្តសៀមរាប។
Rick Kh បានលើកឡើងទៀតថា ប្រជាជនខ្មែរគួរតែបន្តការគាំទ្រ តស៊ូជាមួយគ្នាដើម្បីបង្ហាញអន្តរជាតិឱ្យគេឃើញថាយើងរឹងមាំហើយទទួលបានយុត្តិធម៌ ហើយបើនៅតែប្រចាំគ្នា ខ្លាចការត្មិះដៀលពីអ្នកដទៃធ្វើយកមុខយកមាត់នោះ សូមកុំខ្វល់នឹងពាក្យសម្តីទាំងនេះ។ Rick Kh ជឿថាមានមនុស្សច្រើនដែលត្រូវការជំនួយ។ អ្នកបង្កើតមាតិការូបនេះថាលោកមិនចង់បើកឱ្យមានការចូលលុយពីមហាជននោះទេដោយសារតែលោកចង់ប្រើថវិកាខ្លួនឯងតែបើចង់ចូលរួមអាចទិញរបស់ភ្លាមៗឱ្យទៅខាងបណ្ណាល័យរបស់លោកបាន៕










