នៅល្ងាចថ្ងៃទី៦ ខែធ្នូ ព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយប្រមូលផ្តុំតារាល្បីៗជាច្រើនរូបមកចូលរួម និងផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃភាពយន្តប្រចាំឆ្នាំ។ ក្នុងនោះវត្តមានរបស់តារាសម្តែង Landy Li បានធ្វើឱ្យទស្សនិកជនកម្ពុជាចាប់អារម្មណ៍ជាពិសេសពីព្រោះរូបនាងបានគ្រងឈុតដ៏ស្រស់ស្អាតពីស្នាដៃកូនខ្មែរ។

ក្នុងព្រឹត្តិការណ៍ខាងលើនេះ Landy Li បានគ្រងឈុតពីម៉ាកយីហោ Almée Couture ដែលមានឈ្មោះថា «Rose of Memory » ។ នេះជាការរចនាដែលបង្ហាញពីភាពទន់ភ្លន់ និងភាពស្រស់ស្អាតនៃការប៉ាក់ដ៏ទាក់ទាញនៃឈុតនេះ។ ប្រ៊េនកូនខ្មែរមួយនេះកំពុងធ្វើឱ្យបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈអ្នកគាំទ្រជឿថាបន្ទាប់ពីការគ្រងឈុតរបស់តារាស្រី Landy Li នោះនឹងមានតារាផ្សេងទៀតនឹងមើលឃើញពីឈុតដ៏ស្រស់ស្អាតផ្សេងទៀតពីស្នាដៃកូនខ្មែរ។
.png)
ពីមុន Landy Li ត្រូវបានគេស្គាល់ជាចម្បងសម្រាប់រូបភាពស្រស់ និងស្អាតរបស់នាងនៅលើអេក្រង់ និងក្នុងភ្នែកសាធារណៈ។ មិនថាការបង្ហាញខ្លួនពីក្មេងស្រីសិស្សសាលានៅក្នុងការងារភាពយន្ត និងទូរទស្សន៍ ឬបង្ហាញស្ទីលធម្មតារបស់នាងក្នុងសម្លៀកបំពាក់ប្រចាំថ្ងៃនោះទេ នាងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាមួយនឹង «ភាពផ្អែមល្ហែម» របស់នាង។

កាលពីវិច្ឆិកា កន្លងមកថ្មីៗនេះ ម៉ាកយីហោ Almée Couture ក៏បានបង្ហាញម៉ូតក្នុងកម្មវិធី Sanya Fashion Week 2025 នៅឯប្រទេសចិនផងដែរដែលមានការចូលរួមពីមាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាម៉ូដែលផ្សេងទៀត។
គួរឱ្យដឹងថារយៈពេលចុងក្រោយក្នុងឆ្នាំ២០២៥ តារាសម្តែង Landy Li បានសាងប្រជាប្រិយភាពក្នុងរឿង «Coroner’s Diary» ជាមួយនឹងតារាសម្តែង Ao Ruipeng ។ ក្នុងព្រឹត្តិការណ៍ «Scream Night» នៃវេទិកា iQiYi នាងបានឈ្នះពានរង្វាន់ «Young Actor of the Year »៕










