ប្រទេសថៃ៖ លោក អនុទីន ឆាន់វិរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលគាំទ្រឲ្យយោធាកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃសម្រាប់ការវាយប្រហារលើកម្ពុជាជាផ្លូវការ ប៉ុន្តែអះអាងដោយបំពានថា នេះមិនមែនបានន័យថាថៃគឺជាអ្នកបង្កជម្លោះមុនឡើយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ថៃនៅរសៀលថ្ងៃចន្ទនេះ លោក អនុទីន បានធ្វើសេចក្ដីថ្លែងការណ៍ថា «ថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខជាតិបានជួបប្រជុំ និងដាក់ចេញសេចក្តីសម្រេចមួយ ដើម្បីឲ្យយោធាចាប់ផ្ដើមប្រតិបត្តិការនៅតាមព្រំដែនជាមួយកម្ពុជា»។ ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ការអនុម័តនេះគឺស្របទៅតាមស្ថានការដែលចាំបាច់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីប៉ុណ្ណោះ មិនមែនកងទ័ពថៃបើកការឈ្លានពានមុនឡើយ។

ក្នុងពេលជាមួយគ្នានេះ លោកអនុទីន បានឆ្លៀតសុំការគាំទ្រពីប្រជាពលរដ្ឋឲ្យមានការជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងការពារជាតិរបស់ថៃ ហើយចូលរួមសាមគ្គីគ្នាដើម្បីផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ប្រតិបត្តិការនេះជាទូទៅផងដែរ។

ក្រៅពីការប្រកាសរបស់ អនុទីន គេក៏ឃើញមានសមាជិកសភា ដែលមកពីគណបក្សប្រឆាំងថៃមួយចំនួន រួមទាំងប្រជាជនថៃផងនោះ បានចេញមុខគាំទ្រកងទ័ពឲ្យប្រកាសសង្រ្គាមជាមួយកម្ពុជាយ៉ាងពេញទំហឹង ដោយចង់ឲ្យយោធាវាយដណ្ដើមទឹកដីដែលពួកគេអះអាងថាជារបស់ខ្លួនហើយកំពុងស្ថិតក្រោមការកាន់កាប់របស់កម្ពុជា យកមកគ្រប់គ្រងវិញទាំងអស់។

ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា ជាតិសាសន៍មួយនេះចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់រាស្រ្តសាមញ្ញ មិនដែលបោះបង់មហិច្ចតាក្នុងការដណ្ដើមយកទឹកដីរបស់កម្ពុជាមួយវិនាទីណាឡើយ។

តាមការកត់សម្គាល់ សកម្មភាពបំផ្ទុះអាវុ.ធរបស់ថៃនៅពេលនេះ មិនត្រឹមតែជាការបង្កើតស្ថានការណ៍ដើម្បីញុះញង់កម្ពុជាឲ្យធ្លាក់ចូលក្នុងសង្រ្គាមជាមួយខ្លួនប៉ុណ្ណោះទេ តែក៏ជាការរៀបចំឡើងដើម្បីបិទបាំងនូវបញ្ហាជាច្រើន ជាពិសេសគឺអស្ថិរភាពនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។

បន្ថែមលើនោះ រដ្ឋាភិបាលថៃ ថែមទាំងបានសម្លឹងឃើញបញ្ហានេះ គឺជាឳកាសដ៏ល្អសម្រាប់ខ្លួនក្នុងការទាក់ទាញយកប្រជាប្រិយភាព និងទំនុកចិត្តពីពលរដ្ឋផងដែរ តាមរយៈការអូសទាញកម្ពុជាចូលក្នុងបញ្ហានេះបញ្ហានោះ មិនចេះចប់មិនចេះហើយ ដើម្បីបង្វែការចាប់អារម្មណ៍របស់ពួកគេពីការរិះគន់ថ្នាក់ដឹកនាំ ទៅរួមគ្នាគាំទ្រការការធ្វើសង្រ្គាមដណ្ដើមទឹកដីពីកម្ពុជាវិញ។

យ៉ាងណាក៏ដោយ ទង្វើនេះកំពុងត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិជាបណ្ដើរៗហើយ ដោយចាប់ផ្ដើមពីការវាយប្រហារនៅថ្ងៃទី៨ ខែធ្នូនេះភ្លាម សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា «ប្រទេសថៃគឺជាអ្នកចាប់ផ្ដើមការវាយប្រហារមុន» ស្របពេលដែលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលចំហត្ថលេខារួមគ្នា ពេលនេះកំពុងត្រូវបានអនុវត្តដោយភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ៕