ប្រទេសថៃ ៖ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើទីតាំងជាច្រើនរបស់កងទ័ពកម្ពុជានៅតំបន់ព្រំដែនតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់អាវុ.ធគ្រប់ប្រភេទ រួមមាន ៖ កាំភ្លើ.ងដៃ កាំភ្លើ.ងត្បាល់ កាំភ្លើ.ងធំ រថក្រោះ និងយន្តហោះចម្បាំង F-16 បន្ទាប់ពីពួកគេចិញ្ចឹមចិត្តឈ្លានពានកម្ពុជាជាថ្មី និងរង់ចាំពេលទឹកជំនន់ស្រកជាឱកាសល្អក្នុងការបង្កសង្គ្រា.ម ខណៈកងទ័ពកម្ពុជាមិនតបត ។ នៅថ្ងៃទី៨ ខែធ្នូ ប្រធានគណបក្សនយោបាយបានជំរុញកងទ័ពថៃបា.ញ់ប្រ.ហារកម្ពុជាលើកនេះកុំដកដៃ និងមិនឈប់បា.ញ់ពាក់កណ្តាលទីដូចមុន បើទោះជានាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យឈប់បា.ញ់ក៏ដោយ ។

នេះបញ្ជាក់ពីគំនិតឈ្លានពានរបស់អ្នកនយោបាយថៃ និងពលរដ្ឋថៃមួយចំនួនធំនិយាយតែមាត់ថា ចង់បានសន្តិភាពជាមួយប្រទេសជិតខាង មិនចង់បានសង្គ្រាម ប៉ុន្តែបែរជាញុះញង់ឱ្យកងទ័ពរបស់ខ្លួនវាយប្រហារកម្ពុជាកុំដកដៃ ។ តើនេះឬជាការចង់បានសន្តិភាព? សន្តិភាពមិនបានកើតឡើងដោយសារការបង្កសង្គ្រាមឈ្លានពានប្រទេសជិតខាងឥតឈប់ឈរនោះទេ គឺសន្តិភាពកើតឡើងដោយការគោរពកិច្ចព្រមព្រៀងសន្តិភាព និងមិនលាបពណ៌ ឬចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក Warong Dechgitvigrom ប្រធានគណបក្ស Thai Pakdee Party បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួនដោយញុះញង់ឱ្យកងទ័ពថៃបាញ់ប្រហារលើកម្ពុជាលើកនេះឱ្យចាស់ដៃ និងហាមឃាត់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul មិនត្រូវបញ្ជាទៅកងទ័ពឈប់បាញ់ពាក់កណ្តាលទីដូចរដ្ឋាភិបាលអាណត្តិមុនទេ គឺត្រូវបណ្តោយឱ្យកងទ័ពថៃធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាយ៉ាងពេញទំហឹង ពីព្រោះការឈប់បាញ់លើកមុន កងទ័ពថៃមិនទាន់ដណ្តើមកាន់កាប់ទឹកដីកម្ពុជាតាមមហិច្ឆតានៅឡើយ ។

ប្រធានគណបក្សនយោបាយរូបនេះថា កងទ័ពថៃត្រូវតែវាយប្រហារកម្ពុជាឱ្យចាស់ដៃ និងធ្វើប្រតិបត្តិការអស់ពីសមត្ថភាព ក្រោយពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃកាន់តែក្តៅគគុកដែលបង្កឡើងដោយកងទ័ពថៃ និងបានជំរុញឱ្យកងទ័ពថៃធ្វើសកម្មភាពឈ្លានពានកម្ពុជាមួយទំហឹង ។ លោក Warong និយាយញុះញង់ថា កងទ័ពថៃត្រូវតែប្រយុទ្ធលើកនេះឱ្យខ្លាំងបំផុតដើម្បីឱ្យកម្ពុជាស្គាល់ប្រទេសថៃ ហើយសំខាន់ មិនត្រូវឈប់ប្រយុទ្ធពាក់កណ្តាលទីដូចរដ្ឋាភិបាលអាណត្តិមុនទេ ។

លោកបន្តថា ភាគីថៃនឹងយល់ព្រមចរចាឈប់បាញ់កម្ពុជា លុះត្រាតែកងទ័ពថៃវាយដណ្តើមកាន់កាប់គោលដៅតាមចិត្តរបស់ខ្លួនចង់ និងដាស់តឿនទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា កុំបញ្ជាឱ្យកងទ័ពថៃឈប់បាញ់ពាក់កណ្តាលទីដាច់ខាត ។ កន្លងមក រដ្ឋាភិបាលអាណត្តិមុន គឺលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាឱ្យកងទ័ពថៃឈប់បាញ់ គឺធ្វើឱ្យថៃខាតបង់ ។

ដូចគ្នានេះ ពលរដ្ឋថៃរស់នៅជាប់ព្រំដែនកម្ពុជា ក៏បានជំរុញឱ្យកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាលើកនេះឱ្យដឹងឈ្នះ-ចាញ់ និងកុំដកថយដូចកាលពីសង្គ្រាមនៅខែកក្កដា ឆ្នាំ២០២៥ ។ កន្លងមក កងទ័ពថៃចង់បើកការវាយប្រហារមកលើកម្ពុជាម្តងទៀត ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនប្រាប់ថា រង់ចាំការប្រមូលផលស្រូវរួចរាល់សិន ។

អ្នកនយោបាយ និងពលរដ្ឋថៃធ្លាប់បន្ទោសរដ្ឋាភិបាលអាណត្តិមុន (រដ្ឋាភិបាលគណបក្សភឿថៃ) ដែលយល់ព្រមឈប់បាញ់កម្ពុជាកាលពីខែកក្កដា ទាំងដែលកងទ័ពថៃពុំទាន់ដណ្តើមកាន់កាប់ទឹកដីកម្ពុជាក្នុងតំបន់មួយចំនួន ។ ចាប់ពីពេលនោះមក ពួកគេព្យាយាមញុះញង់ឱ្យកងទ័ពថៃបង្កសង្គ្រាមជាថ្មី និងគំរាមនិរទេសលោក Anutin ចេញពីប្រទេសថៃ ប្រសិនបើហ៊ានបើកព្រំដែនកម្ពុជា-ថៃឡើងវិញ និងបន្ទោសលោក Anutin ដែលចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រហូតដល់លោក Anutin ប្រកាសមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ។

គួរបញ្ជាក់ថា កងទ័ពថៃបានបង្កហេតុជាមួយកម្ពុជាជាច្រើនថ្ងៃមកហើយ ជាពិសេស នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមកលើកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ ដូចជា ៖ កាំភ្លើងដៃ កាំភ្លើងត្បាល់ រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង F-16 និងផ្សែងពុល ។ មុនបើកការវាយប្រហារ គឺថៃបានត្រៀមខ្លួនរួចអស់ហើយ ដូចជា ៖ ថៃបានរៀបចំជំរំជនភៀសសឹកទុកជាមុនសម្រាប់ជម្លៀសពលរដ្ឋខ្លួន ។

ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ដែលបង្ហាញយ៉ាងច្បាស់ពីភាគីថៃរំលោភបំពានលើ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយកម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងការគំរាម ឬប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របច្បាប់អន្តរជាតិ ៕