យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ បានឲ្យដឹងថា ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេសថា 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯 𝘵𝘺𝘱𝘶𝘴 គឺជាប្រភេទត្រីដ៏កម្រមួយនៅក្នុងដែនទឹកព្រះរាជាណាចក្រកម្ពុជា។ វាមានរូបរាងធំសម្បើម តែមានចរិតស្លូតបូត សុភាពរាបសារ និងរួសរាយរាក់ទាក់។ ចំណែកឆ្លាមប៉ារ៉ាតូច ចេះឆ្ងល់ច្រើន ដូច្នេះហើយទើបគេឃើញវាឧស្សាហ៍មកក្បែរទូក និងអ្នកជ្រមុជទឹកជាប្រចាំ។.jpg)
វត្តមានរបស់សត្វឆ្លាមប៉ារ៉ា ឬត្រីបាណន់គីង្គក់ ជាសូចនាករបញ្ជាក់ពីសុខភាពល្អប្រសើរនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា និងការកាត់បន្ថយនៃការនេសាទខុសច្បាប់ ដែលសម្រេចបានតាមរយៈប្រសិទ្ធភាពនៃតំបន់ការពារសមុទ្រ (MPA)។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញក្ដីរំភើបរីករាយក្រៃលែង និងចាត់ទុកការរកឃើញនេះ ថាជាការខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធក្នុងការការពារសត្វប្រភេទនេះ។.jpg)
សូមរំលឹកថា ឆ្លាមប៉ារ៉ា គឺជាត្រីឆ្លាមធំជាងគេបំផុតមួយលើលោក ដែលវាអាចមានប្រវែងរហូតដល់ទៅ ១៨ម៉ែត្រ និងទម្ងន់រហូតដល់ ២០តោន ឬច្រើនជាងនេះ។ ផ្ទុយពីត្រីឆ្លាមធំៗផ្សេងទៀត ដែលស៉ីសាច់ជាអាហារ( សាច់មនុស្ស ឬសត្វធំៗ) វាស៉ីតែផ្លានតុនតូចៗ ដូចជាកូនបង្គា និងកូនត្រីនៅក្នុងសមុទ្រប៉ុណ្ណោះ។ វាត្រូវបានគេចាត់ទុកថាជាសត្វកម្រជិតផុតពូជ ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងជាង ៥០% ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ជាមួយគ្នានេះ បច្ចុបន្នឆ្លាមប៉ារ៉ាត្រូវបានការពារ និងអភិរក្សយ៉ាងម៉ឺងម៉ាត់ពីមន្រ្តីពាក់ព័ន្ធ ដោយការចាប់ សម្លាប់ និងជួញដូរគឺជាអំពើរខុសច្បាប់៕










