ក្រៅពីបើកការបា.ញ់ប្រហារដោយអាវុ.ធមកលើកម្ពុជាមុនដោយគ្មានមូលហេតុ នាព្រឹកថ្ងៃចន្ទទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានធ្វើការបា.ញ់ផ្សែងពុ.លយ៉ាងច្រើនចូលក្នុងតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ។ នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
នាមុននេះបន្តិច លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ចាប់ពីវេលាម៉ោង៨:១០នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោច ហើយនៅម៉ោង៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលតំបន់ប្រាសាទព្រះវិហារបន្ថែម។
តាមការបញ្ជាក់របស់លោកជំទាវអ្នកនាំពាក្យ យោធាថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ដោយមានទាំងការប្រើប្រាស់អាវុ.ធបាញ់ផ្លោង និងបាញ់ផ្ទុប នៅតំបន់ដំណាក់ស្ដេចចន្លោះថ្មដូន និងប្រាសាទតាមាន់។
បច្ចុប្បន្នយោធាថៃកំពុងគំរាមកំហែងកម្ពុជាតាមរយៈផ្លូវអាកាស ដោយបានប្រើប្រាស់យន្តហោះ ហោះឆ្វែលនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានប្រើប្រាស់យន្តហោះចម្បាំង F-16 វា.យប្រហារមកលើកងកម្លាំងកម្ពុជាបន្ថែមទៀតនៅក្នុងភូមិសាស្រ្តស្រុកស្រអែម ខេត្តព្រះវិហារ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលនូវព័ត៌មានមិនពិតរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។
ក្រសួងការពារជាតិ ចាត់ទុកសកម្មភាព នេះធ្វើគឺជាបង្កហេតុ បង្កើតស្ថានការណ៍ និងបង្កើនភាពតានតឹង ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពនេះជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕










