ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃបានប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 វា.យប្រ.ហារមកលើទីតាំងកងទ័ពកម្ពុជាបន្ថែមទៀត បន្ទាប់ពីកងទ័ពថៃបើកការបា.ញ់ប្រ.ហារដោយអាវុ.ធគ្រប់ប្រភេទ ដូចជា ៖ កាំភ្លើ.ងដៃ កាំភ្លើ.ងត្បាល់ និងរថក្រោះ អស់រយៈពេលជាច្រើនថ្ងៃ ជាពិសេស នៅថ្ងៃទី៧ ខែធ្នូ ទាំងដែលកងទ័ពកម្ពុជាមិនតបត ។ នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបើកដៃឱ្យកងទ័ពខ្លួនធ្វើប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបង្កហេតុជាថ្មី ក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree បាននិយាយក្រោយពីកងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ព្រំដែនជាច្រើនកន្លែងតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃនេះ (ព្រឹកថ្ងៃទី៨ ខែធ្នូ) កងទ័ពអាកាសថៃប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចទីតាំងចំនួន៣ របស់កងទ័ពកម្ពុជា រួមមាន ៖ ១-ច្រកអានសេះ ២-ប្រាសាទខ្នា និង៣-តំបន់ក្បែរប្រាសាទព្រះវិហារ ។

ដូចគ្នានេះ អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវីឆ័យ និយាយថា កងទ័ពអាកាសថៃបានសហការជាមួយកងកម្លាំងស៊ុណារី ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទីតាំងរបស់កងទ័ពកម្ពុជា ក្រោយពីកងទ័ពថៃជម្លៀសពលរដ្ឋថៃភ្លាមៗទៅកាន់ជំរំភៀសសឹកដែលបានត្រៀមទុកមុនកាលពីថ្ងៃទី៧ ខែធ្នូ ។ កងទ័ពអាកាសថៃបានកំណត់គោលដៅប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំទេចលើមូលដ្ឋានកងទ័ពកម្ពុជា កំទេចឃ្លាំងដាក់អាវុធ និងទីតាំងបញ្ជាការ ក្រោមហេតុផលការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋថៃ ។

គួរបញ្ជាក់ថា ការប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ បន្ទាប់ពីកងទ័ពជើងគោកថៃធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា ទាំងដែលកងទ័ពកម្ពុជាមិនតបត ។

នាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ចាប់តាំងពីម៉ោង៥ព្រឹកមក ។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទី២ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ៕