ពលរដ្ឋថៃជាង 10 លាននាក់នៅទូទាំងប្រទេសចាប់ផ្ដើមឈឺភ្នែក ពិបាកដកដង្ហើម ឡើងកន្ទួលរមាស់លើស្បែក និងមានបញ្ហាសុខភាពឆ្លងបណ្ដាក់គ្នា ចូលសម្រាកព្យាបាលពេញៗពេទ្យមិនថារដ្ឋ ឬឯកជន ដែលទាំងនេះបណ្ដាលមកពីកម្រិតធូលីកខ្វក់ដែលមាននៅក្នុងខ្យល់កើនឡើងកំហាប់កាន់ខ្ពស់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2025 បញ្ហាសុខភាពដែលត្រូវបានគេសង្កេតឃើញញឹកញាប់បំផុតរួមមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺសួតរ៉ាំរ៉ៃ (COPD) ការឡើងកន្ទួលលើស្បែក និងបញ្ហាភ្នែក បានកើនឡើងកាន់តែច្រើនករណីនៅទូទាំងប្រទេសថៃ។
តាមការបញ្ជាក់ បញ្ហាសុខភាពទាំងអស់នេះ គឺជាលទ្ធផលនៃការប៉ះពាល់ និងស្រូបចូលទៅក្នុងខ្លួនដោយផ្ទាល់នៃខ្យល់កខ្វក់ PM2.5 ដែលវានឹងនាំឲ្យប៉ះពាល់ដល់សុខភាពរយៈពេលវែង ហើយក៏នឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកសួតផងដែរ។
អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ឬប្រសិនបើគ្មានការចាំបាច់កុំចេញទៅក្រៅឲ្យសោះ គួរស្ថិតនៅក្នុងផ្ទះបិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុបានបានជាប់ជាប្រចាំ ។
គួរជម្រាបថា ស្ថានភាពធូលីកខ្វក់នៅក្នុងខ្វល់ដែលកំពុងកើនឡើងនៅទីក្រុងបាងកក រួមទាំងខេត្តមួយចំនួនរបស់ប្រទេសថៃនេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា បណ្ដាលមកពីការបំភាយឧស្ម័នពីរោងចក្រឧស្សហកម្ម យានជំនិះ និងការដុតសំរាម ឬកសិកម្មព្រៃដុតជាដើម ដែលជំរុញឲ្យកំហាប់នៃសារធាតុពុលទាំងនោះឡើងទៅប្រមូលផ្ដុំនៅក្នុងបរិយាកាស រួចក៏ធ្វើឲ្យកម្រិតអុកសុីសែនធ្លាក់ចុះ និងគំរាមកំហែងដល់សុខមាលភាពមនុស្ស។.jpg)
តាមការកត់សម្គាល់ ទីក្រុងបាងកកនៅពេលនេះកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) និងស្ថិតនៅកម្រិតពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។.jpg)
តាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕










