ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី ត្រូវបានទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល នៅឥណ្ឌូណេស៊ីរងផលប៉ះពាល់ខ្លាំងជាងគេដោយសារទឹកជំនន់ បើគិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋឥណ្ឌូណេស៊ីស្លា.ប់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។
ប្រទេសឥណ្ឌូណេស៊ីមិនធ្លាប់មានទឹកជំនន់ធ្ងន់ធ្ងរបែបនេះពីមុនទេ ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបាត់បង់ទ្រព្យសម្បត្តិក្នុងហេតុការណ៍រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ហើយការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារទឹកជំនន់ គឺមិនខុសគ្នាពីរលកយក្សស៊ូណាមិឡើយ ។ អ្នកជំនាញថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មានបានបង្ហាញពីបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យខាងឧតុនិយមពិបាកព្យាករណ៍ ។.jpg)
កាលពីថ្ងៃទី៤ ខែធ្នូ ភ្នាក់ងារសង្គ្រោះឥណ្ឌូណេស៊ីនៅតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួននៅតាមតំបន់ផ្សេងៗដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ និងបាក់ដីជាច្រើនកន្លែង បន្ទាប់ពីទិន្នន័យចុងក្រោយបង្ហាញថា មនុស្សស្លាប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។
នៅឆ្នាំ២០២៥ ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានទឹកជំនន់វាយប្រហារក្នុងពេលតែមួយ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេសទាំងនេះសរុបជាង១,៤០០នាក់ ក្នុងនោះឥណ្ឌូណេស៊ីមានមនុស្សស្លាប់ច្រើនបំផុត គឺរហូតដល់៧៨០នាក់ ។ ភូមិជាច្រើននៅឥណ្ឌូណេស៊ីពោរពេញទៅដោយដីភក់ និងគំនរបាក់បែក ខណៈអគ្គិសនី និងបណ្តាញទូរគមនាគមន៍នៅតែត្រូវកាត់ផ្តាច់ ។
ទោះជាឥណ្ឌូណេស៊ីមានភ្នាក់ងារសង្គ្រោះគ្រប់គ្រាន់ បានត្រៀមកម្លាំងទ័ព និងបែងចែកថវិកាសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែរងផលប៉ះពាល់ខ្លាំងបំផុត ។ ផ្លូវ និងស្ពាននានាខូចខាតដោយសារទឹកជំនន់ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅជួយជនរងគ្រោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅខេត្តសុម៉ាត្រាខាងជើង ខេត្តសុម៉ាត្រាខាងលិច និងខេត្តអាចិ ។ តំបន់ជាច្រើនខ្វះខាតអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនបោកបក់លើឥណ្ឌូណេស៊ី ខណៈមនុស្សម្នាឈរតម្រង់ជួរប្រជ្រៀតគ្នារង់ចាំចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ហើយអ្វីកាន់តែធ្ងន់ធ្ងរ គឺមានចោរប្លន់នៅតាមហាងលក់ទំនិញ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ីបាននិយាយដូចអ្នកជំនាញលើពិភពលោកថា បម្រែបម្រួលអាកាសធាតុ ឬផែនដីឡើងកំដៅដោយសារទង្វើរបស់មនុស្ស គឺជាមូលហេតុធ្វើឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារឥណ្ឌូណេស៊ី និងប្រទេសជាច្រើនពេលនេះ ។ ជាក់ស្តែង តំបន់ព្រៃតាមបណ្តាខេត្តរបស់ឥណ្ឌូណេស៊ីរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុខ្លាំងបំផុត ។
មតិខ្លះរិះគន់ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ គឺបណ្តាលមកពីការជីកយករ៉ែ និងប្រើប្រាស់ដីធ្លីច្រើនពេក រហូតធ្វើឱ្យផ្ទៃដីពុំអាចស្រូបទឹកភ្លៀង ។ ពលរដ្ឋឥណ្ឌូណេស៊ី និងអាជ្ញាធរមូលដ្ឋានសំណូមពរឱ្យរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះមហន្តរាយដើម្បីបង្កើនការជួយជនរងគ្រោះ ពីព្រោះអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយវិបត្តិនេះតែឯងទេ ប៉ុន្តែរដ្ឋាភិបាលបដិសេធ ពីព្រោះបារម្ភពីស្ថានការណ៍នឹងធ្ងន់ធ្ងរខ្លាំងឡើងធ្វើឱ្យជនរងគ្រោះដែលកំពុងរង់ចាំការជួយអន្តរាគមន៍អស់សង្ឃឹម ៕










