រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលនៅតែស្ថិតក្នុងការបន្តឃុំខ្លួននៅប្រទេសថៃថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូត ដើម្បីជំរុញឲ្យថៃដោះលែងពួកគាត់វិញដោយគ្មានការដោះដូរ និងគ្មានលក្ខខណ្ឌ។.jpg)
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសេចក្ដីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន ដោយធ្វើការបញ្ជាក់ថា៖
អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅ បាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុង តំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើ ការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យ យោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។.jpg)
រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមាន ការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕











