ប្រទេសថៃ ៖ វិស័យឯកជនបារម្ភពីសេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ បណ្តាលមកពីអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់រដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ ។ នាយករដ្ឋមន្ត្រីថៃបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី បន្ទាប់ពីប្រឌិតរឿងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីយកលេសបង្កសង្គ្រា.ម និងទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

កាលពីថ្ងៃទី៣ ខែធ្នូ វិស័យឯកជនបង្ហាញក្តីបារម្ភពីសេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ ដោយសារអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចថៃគ្មានភាពប្រាកដប្រជា ថែមទាំងមានទឹកជំនន់វាយប្រហារនៅភាគខាងត្បូងបំផ្លាញថវិកាជាតិអស់រាប់សែនលានបាត ។ ក្រៅពីនេះ វិស័យឯកជនអំពាវនាវឱ្យធនាគារជាតិរបស់ថៃគ្រប់គ្រងតម្លៃប្រាក់បាតដែលកំពុងកើនឡើងប៉ះពាល់ដល់ការនាំចេញទំនិញ និងវិស័យទេសចរណ៍ ។

លោក គ្រៀងគ្រៃ ធៀនុគូន ប្រធានឧស្សាហកម្មថៃនិយាយថា វិស័យឯកជនមកពី៣ស្ថាប័ន បានវាយតម្លៃសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៦ នឹងកើនឡើងក្រោម២% ដោយសារអាមេរិកផ្អាកចរចាពន្ធទំនិញ និងការប្រកួតប្រជែងជាមួយទំនិញនាំចូលកាន់តែច្រើន ។ វានឹងប៉ះពាល់ការផលិតទំនិញ ការជួលកម្លាំងពលកម្ម និងកម្លាំងទិញ ដែលទាមទារឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជនដើម្បីដោះស្រាយបញ្ហារយៈពេលខ្លី ជាពិសេស ស្តារសេដ្ឋកិច្ចឡើងវិញក្រោយទឹកជំនន់ រួមទាំងការរៀបចំសេដ្ឋកិច្ចតាមរយៈគម្រោង Reinvent Thailand បង្កើនសក្តានុពលអាជីវកម្ម ក៏ដូចជាលើកកម្ពស់ទំនិញផលិតក្នុងស្រុក ។

វិស័យឯកជនមើលឃើញថា ទឹកជំនន់នៅភាគខាងត្បូងបានសម្លាប់ជីវិតមនុស្សរាប់រយនាក់ បំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអាជីវកម្មយ៉ាងច្រើន ដែលទំហំការខូចខាតប្រហាក់ប្រហែលនឹងការខូចខាតដោយសាររលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ និងបំផ្លាញថវិកាជាតិអស់រាប់សែនលានបាត ។ ហេតុនេះ រដ្ឋាភិបាលគួរតែពន្លឿនការជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ព្រមទាំងកំណត់វិធានការជួសជុលផ្ទះសម្បែង រោងចក្រ និងអាជីវកម្មឱ្យដំណើរការដូចដើមវិញយ៉ាងឆាប់បំផុត ។
ក្រៅពីនេះ វិស័យឯកជនបារម្ភពីតម្លៃប្រាក់បាតកើនឡើងក្នុងរយៈពេល៧ខែកន្លងមក ដែលប៉ះពាល់ដល់ការនាំចេញទំនិញទៅក្រៅប្រទេស បើធៀបនឹងគូប្រជែងដូចជា វៀតណាម គឺតម្លៃប្រាក់ដុងធ្លាក់ចុះ៣% ហើយតម្លៃប្រាក់បាតកើនឡើងក៏ប៉ះពាល់វិស័យទេសចរណ៍ផងដែរ ។ វិស័យឯកជនសំណូមពរឱ្យធនាគារជាតិរបស់ថៃគ្រប់គ្រងតម្លៃប្រាក់បាត ដោយយកគំរូតាមវៀតណាម ថាតើវៀតណាមធ្វើដូចម្តេចទើបតម្លៃប្រាក់ឌុងធ្លាក់ចុះ ។

ចំណែកលោក ផាយុង ស្រ៊ីវ៉ានិជ ប្រធានធនាគារក្រុងថៃ (KTB) និងជាប្រធានសមាគមធនាគារថៃនិយាយថា ត្រូវទទួលស្គាល់សេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ បើតាមការប៉ាន់ស្មាន គឺផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៦ នឹងកើនឡើងត្រឹមតែប្រមាណពី១.៥% ទៅ១.៨% ប៉ុណ្ណោះ ដោយសារភាពមិនប្រាកដប្រជា ហើយនេះមិនរាប់បញ្ចូលទាំងការខូចខាតដោយសារទឹកជំនន់នៅភាគខាងត្បូងទេ ។ ហេតុនេះ រដ្ឋាភិបាលថៃចាំបាច់ត្រូវកំណត់វិធានការស្តារសេដ្ឋកិច្ចឡើងវិញ ។
គួរបញ្ជាក់ថា តាំងពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសាររដ្ឋាភិបាលថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ក្នុងភាពមិនប្រាកដប្រជា ដោយសារថៃធ្លាប់ពឹងផ្អែកលើទីផ្សារអាមេរិកខ្លាំង ។ រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃមិនអាចស្វែងរកទីផ្សារថ្មីសម្រាប់លក់ទំនិញជំនួសទីផ្សារអាមេរិកនៅឡើយទេ ស្របពេលទឹកជំនន់វាយប្រហារនៅភាគខាងត្បូង កាន់តែធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះ ខណៈពាណិជ្ជកម្មរវាងថៃ-ចិន គឺថៃនាំចេញទំនិញទៅចិនក្នុងបរិមាណតិចតួច ប៉ុន្តែថៃនាំចូលទំនិញពីចិនវិញក្នុងបរិមាណច្រើន ៕










