គណនីក្លែងក្លាយបានរីកដុះដាលយ៉ាងខ្លាំងហើយក្រុមមនុស្សដែលមានភាពល្បីល្បាញលើបណ្តាញសង្គមមានការក្លែងបន្លំច្រើនជាងគេ។ មិនត្រឹមតែប៉ុណ្ណោះមនុស្សមួយចំនួនថែមទាំងក្លាយជាជនរងគ្រោះនៃអំពើឆបោកដោយសារមានជនឆបោកបានប្រើប្រាស់រូបភាពរបស់បុគ្គលល្បី។ ថ្មីៗនេះ ឡូរីន ក៏បានលាតត្រដាងថារូបភាពរបស់នាងត្រូវបានគេយកទៅធ្វើជាអាជីពកម្មបង្កើតគណនីក្លែងក្លាយជាពិសេសប្រព្រឹត្តទង្វើមិនសមរម្យដោយប្រើប្រាស់ពាក្យសម្តីមិនល្អ។
ឡូរីន បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នេះមិនមេនជាpageរបស់ខ្ញុំឡើយ បុគ្គលដែលកាន់pageនេះបាន Blockខ្ញុំព្រមទាំងក្រុមការងារខ្ញុំទាំងអស់ដើម្បីកុំឱ្យចាប់បាន ហើយបានPost,Share រូបជាមួយcaption មិនសមរម្យ, យកធ្វើអាជីវកម្មផលប្រយោជន៍ផ្ទាល់ខ្លួនដោយក្បត់ឧត្តមគតិ ជាមនុស្ស ហ៊ានធ្វើរឿងបែបនេះដែលមិនឱ្យតម្លៃនិងរំលោភសិទ្ធិខ្ញុំផងដែរ។ Fake pageយកមុខខ្ញុំផ្សព្វផ្សាយហើយប្រើពាក្យមិនសមរម្យទៀត។ សូមបងប្អូនជួយ Reportផង សូមអរគុណ»។
ការប្រកាសរបស់ ឡូរីន បានធ្វើឱ្យមនុស្សមួយចំនួនកត់សម្គាល់ឃើញថាមិនត្រឹមតែនាងប៉ុណ្ណោះទេដែលត្រូវបានគេក្លែងបន្លំ តារារ៉េប វណ្ណដា ដែលជាគូស្នេហ៍របស់នាងក៏ត្រូវបានគេយករូបភាពបង្កើតជាផេកក្លែងក្លាយថែមទាំងប្រើប្រាស់សម្តីមិនញុះញង់ ខណៈអ្នកដែលមិនដឹងគិតថានោះគឺជាសម្តីរបស់ វណ្ណដា ទៀតផង។
គួរឱ្យដឹងថាកន្លងមកមានសិល្បករជាច្រើនបានបញ្ជាក់ពីក្លែងបន្លំរបស់ជនទុច្ចរិតដើម្បីឱ្យអ្នកគាំទ្រជៀសវាងចាញ់បោកដោយប្រការណាមួយ៕












