ខេត្តឧត្តរមានជ័យ៖ អង្គភាពCMAC បានរុករកឃើញគ្រាប់បែ.កចង្កោមប្រភេទM46 ចំនួន 25គ្រាប់ ក្នុងអំឡុងពេលបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមរយៈពេល5ថ្ងៃ កាលពីខែកក្កដា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី1-2 ខែធ្នូ ឆ្នាំ2025នេះ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមចាប់ពីថ្ងៃទី24ដល់28 ខែកក្កដា ឆ្នាំ2025 ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានរុករកឃើញគ្រាប់បែកចង្កោមចំនួន25គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រ។

បើតាមការបញ្ជាក់បន្ថែមរបស់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី។

ជាចុងក្រោយ លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ព្រោះកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនិងឪពុករងរបួសធ្ងន់ធ្ងរ៕