ខេត្តថាសាក់៖ មនុស្សម្នាររាប់សិបគ្រួសារភ័យស្ល.ន់ស្លោ ប្រញាប់ប្រញាល់រត់ទៅរកទីតាំងសុវត្ថិភាពសឹងមិនចង់ទាន់ ខណៈនៅសុខផ្ទះសម្បែងរបស់ពួកគេដែលនៅជាប់មាត់ទន្លេជាង ៤០ខ្នង បានបា.ក់ស្រុតតាមច្រាំងទន្លេចូលទៅក្នុងទឹកបាត់។ ហេតុការណ៍នេះបានកើតឡើងនៅឃុំថាសាក់ ស្រុកអ៊ុតថៃ ខេត្តអ៊ុតថារ៉ាឌីត ប្រទេសថៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod និង Matichon របស់ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សហគមន៍ផ្សារ ១០០ ឆ្នាំ នៅខេត្តថាសាក់ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរមូលដ្ឋានបានបញ្ជាឲ្យប្រជាពលរដ្ឋធ្វើការជម្លៀសចេញភ្លាមៗ នៅមុនពេលដែលផ្ទះរបស់ពួកគេត្រូវធ្លាក់ចូលក្នុងទឹកទន្លេបន្តិច។
.jpg)
បច្ចុប្បន្ន អាជ្ញាធរបានធ្វើការព័ទ្ធខ្សែរ និងដាក់ស្លាកសញ្ញាហាមឃាត់ មិនឲ្យមានការចេញ-ចូលនៅតំបន់ខាងលើនោះដាច់ខាត ខណៈស្ថានភាពនៃការបាត់ស្រុដីនេះទំនង់ជានឹងកើតមានជាបន្តទៀត ដូច្នេះអាជ្ញាធរត្រូវរកវិធីដោះស្រាយ និងទប់ស្កាត់ជាមុនសិន។
ជាមួយគ្នានេះ ជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋដែលជម្លៀសខ្លួនក៏ត្រូវបានតម្លើង ដោយមនុស្សមានទាំងក្មេង ចាស់ ប្រុសស្រី ប្រមាណជាង ៤០គ្រួសារ កំពុងដង្ហើយរកជំនួយ ព្រោះតែទ្រព្យសម្បត្តិមួយចំនួន និងសម្ភារៈប្រើប្រាស់របស់ពួកគេ ត្រូវបានបា.ក់ធ្លាក់ទៅតាមផ្ទះចូលក្នុងទឹកទន្លេបាត់ទៅហើយ។
តាមការបញ្ជាក់របស់អ្នកជំនាញបានឲ្យដឹងថា ទីតាំងនៅតាមបណ្តោយទន្លេណាន ជាពិសេសត្រង់ចំណុចភូមិឃុំខាងលើនេះ ត្រូវបានប្រកាសថាជាតំបន់គ្រោះថ្នាក់ ចាប់តាំងពីការវា.យប្រហារដោយព្យុះត្រូពិច Bualoi ដោយស្ថានភាពទឹកទន្លេនេះបានបន្តកើនឡើងឥតឈប់ឈរ ហើយហូរច្រោះច្រាំងទន្លេធ្វើឲ្យដាច់បន្តិចម្ដងៗ។ នៅពេលដែលទឹកស្រកទៅវិញ ដីនៅជុំវិញតំបន់នោះក៏បានប្រែក្លាយមានសភាពទន់ ដែលនាំឱ្យមានការដួលរលំ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សំណង់ និងហេដ្ឋរចនាសម្ព័ន្ធយ៉ាងទូលំទូលាយ។.jpg)
ទោះជាយ៉ាងណា វាមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ហើយពេលនេះអង្គការរដ្ឋបាលខេត្តអ៊ុតថារ៉ាឌិត បានដាក់ពង្រាយគ្រឿងចក្រ និងកម្លាំងមនុស្សជាច្រើននាក់ដើម្បីកាយយកកម្ទេចកម្ទីចេញពីទឹក។ លើសពីនេះ សហគមន៍នេះត្រូវបានប្រកាសជាតំបន់នៃគ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរនឹងមានវិធានការសង្គ្រោះជាបន្តបន្ទាប់៕










