តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនៅពេលបានឃើញកាបូបមួយដែលគិតដំបូងថាជា AI បានឃើញដោយផ្ទាល់ភ្នែក។ តារាចម្រៀងរូបនេះថែមទាំងបញ្ជាក់ថានឹងទុកដាក់កាបូបនេះឱ្យល្អបំផុតខណៈដែលកាបូបនេះមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃជាទំហំទឹកប្រាក់បាននោះទេ។
តាមរយៈការ live នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញភាពរីករាយជាមួយនឹងការបង្ហាញកាបូបពណ៌ខ្មៅថែមទាំងអាចបញ្ចេញពន្លឺដែលមានតេលាសម្រាប់បញ្ជានិងអាចប្តូរពណ៌បានថែមទៀត។ តារាចម្រៀងរូបនេះបានរៀបរាប់ថានាងបានឃើញគេស៊ែរកាបូបនេះដំបូងប៉ុន្តែស្មានថាជារូបភាព AI តែពេលនេះនាងបានកាន់នៅនឹងដៃធ្វើឱ្យខ្លួននាងចង់ស្រក់ទឹកភ្នែក។ ទេព បូព្រឹក្ស ថានាងស្រលាញ់កាបូបនេះខ្លាំងណាស់និងបានកោតសរសើរទៅកាន់ម្ចាស់ស្នាដៃកាបូបនេះផងដែរ។
ទេព បូព្រឹក្ស ថាកាបូបនេះគឺមានតែមួយហើយគ្រោងនឹងយកកាន់ពេលចេញទៅក្រៅប្រទេសថែមទៀត។ ទោះបីជាម្ចាស់កាបូបជូនកាបូបនេះមកកាន់នាងក្តីប៉ុន្តែតារាចម្រៀងរូបនេះបញ្ជាក់ថានឹងជូនជាថវិកាតិចតួចជាកាដូ។ ម្ចាស់បទ «ទេវរាជ» បានលើកឡើងទៀតថាសម្រាប់ខ្លួននាងកាបូបនេះគឺមានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបានជាទឹកប្រាក់នោះទេ ហើយនាងនឹងទុកតកូនតចៅ។
តាមរយៈអ្នកច្នៃម៉ូតវ័យក្មេង Sayon Rathanak បានបង្ហាញថាកាបូបនេះគឺជាស្នាដៃដែលបានដកស្រង់ចេញពីស្ថាបត្យកម្មប្រាសាទ «បាយ័ន» លាយបញ្ចូលជាមួយការរចនាបែបទំនើប បង្កើតបានជាវត្ថុសិល្បៈថ្មីនៃយុគបច្ចេកវិទ្យា «បុរាណមិនយឺត សម័យមិនបរទេស»។
ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស អ្នកច្នៃកាបូបនេះបានបង្ហាញថារូបគេមិនដែលនឹកស្មានថានឹងអាចបង្ហាញស្នាដៃខ្លួនឯងទៅកាន់មនុស្សដែលខ្លួនឯងគោរពនិង ស្រឡាញ់បែបនេះទេ៕










