ចាប់តាំងពីប្រកួតឈ្នះមកុដ Miss Teen Cambodia 2025 ល្អហួស ទទួលបានមតិប្រតិកម្មដោយប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយមិនដាក់ដៃ ខណៈអ្នកនាង ដេននី ក្វាន់ ជាម្តាយរបស់ ល្អហួស ក៏បានចេញប្រតិកម្មបន្ទាប់ពីមានអ្នកទើសឈ្មោះកូនស្រី រឿងយំនៅលើឆាកប្រកួតពេលនិយាយការពិតអំពីសង្គ្រាមឈ្លានពានថៃ និងសួររកឪពុកបង្កើត ល្អហួស ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនរបស់ខ្លួន។

នៅថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាង ដេននី ក្វាន់ បានបង្ហាញរូបភាព Screenshot គណនីមួយដែលនិយាយពីឪពុករបស់ ល្អហួស មិនដឹងថាជានរណា។ អ្នកនាងបានបង្ហោះថា «កណ្តុរជើរី សំណេរលោកឯងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនខ្ញុំជាខ្លាំង»។ មិនត្រឹមតែមានប្រតិកម្មចំពោះអ្នកជីកកាយសួររកឪពុកបង្កើតរបស់ ល្អហួស ប៉ុណ្ណោះទេ អ្នកនាង ដេននី ក្វាន់ ក៏ប្រតិកម្មនឹងអ្នកទើសឈ្មោះកូនស្រីនាងដូចគ្នា។
ម្តាយល្អហួស បានសរសេរថា «ហើយថីលោកឯង បានមកទើសនឹងឈ្មោះក្មេង? ខ្ញុំចូលមើលខមិនអ្នកឯងមានការមើលងាយ កូនខ្ញុំជាខ្លាំង សុទ្ធតែមិនដឹងឪពុកនៅណា? ហើយថីបានមកចង់ដឹងរឿងគ្រួសារគេម្ល៉េះ ឪពុកកូនខ្ញុំជាអ្នកណាវាអត់សំខាន់ទេ សំខាន់ខ្ញុំចិញ្ចឹមកូនបានល្អ យល់? មានមាត់ទុកហូបបាយ កុំយកខួរមកគិតរឿងអត់ប្រយោជន៍»។
មិនត្រឹមតែរឿងខាងលើនេះប៉ុណ្ណោះទេ ល្អហួស ក៏ត្រូវបានគណនីមួយរិះគន់រឿងនាងយំនៅលើឆាកអំឡុងពេលប្រកួតយកមកុដ Miss Teen Cambodia 2025 ដោយជ្រើសប្រធានបទពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ នៅថ្ងៃទី១៧ វិច្ឆិកា ម្តាយ ល្អហួស បានចេញមកប្រតិកម្មថា «បើមិនឱ្យ ល្អហួស លើកយកប្រធានថៃបើកសង្គ្រា.មបា.ញ់កម្ពុជា តើចង់ឱ្យគាត់យកអីមកនិយាយ? ការដែលយករឿងពិតមកនិយាយហើយជារឿងប្រវត្តិសាស្រ្តដ៏ឈឺចាប់អ្នកណាក៏យំដែរ បើមិនយំមិនឈឺចាប់មិនមែនជាខ្មែរនោះទេ…!»៕










