ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកលេងបណ្តាញសង្គមថៃបានរិះគ.ន់ខ្លាំងៗទៅបុរសថៃម្នាក់ជា Influencer បង្ហាញអាកប្បកិរិយាមិនសមរម្យនៅប្រទេសជប៉ុន គឺរាំដោះអាវលើដំបូលរថយន្តមុខហាងលក់ទំនិញនៅភ្នំភ្លើងហ្វូជិ ដែលធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះដល់ប្រទេសថៃ និងពលរដ្ឋថៃ ។ ក្រោយពីអ្នកលេងបណ្តាញសង្គមថៃសំណូមពរឱ្យជប៉ុនហាមឃាត់ Influencer រូបនេះកុំឱ្យជាន់ទឹកដីជប៉ុនបន្តទៀត និងឱ្យមន្ត្រីថៃពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានដាស់ឱ្យ Influencer គោរពវប្បធម៌ និងច្បាប់ជប៉ុន ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក Atthakorn Sirilatthayakorn បាននិយាយពី Influencer ថៃបង្ហោះវីដេអូរាំដោះអាវមុខហាងលក់ទំនិញឈ្មោះ «LAWSON» នៅភ្នំភ្លើងហ្វូជិ ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ជប៉ុនថា ទង្វើនេះមិនសមរម្យយ៉ាងខ្លាំង ប៉ះពាល់ដល់មាត់មុខប្រទេសថៃ និងសំណូមពរឱ្យ Influencer គោរពវប្បធម៌ជប៉ុន ។.jpg)
កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Atthakorn និយាយថា Influencer ថៃល្បីល្បាញម្នាក់ឈ្មោះ «Jaturong Papho» បានបង្ហោះវីដេអូដោះអាវរាំមុខហាងលក់ទំនិញ «LAWSON» ខាងមុខភ្នំដ៏ស្រស់ស្អាតនៅខេត្តយ៉ាម៉ាណាឈិ ប្រទេសជប៉ុន ។ ទង្វើនេះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះភ្ញៀវទេសចរថៃផ្សេងទៀតដែលទៅលេងប្រទេសជប៉ុន ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបន្តថា ពុំអាចហាមឃាត់កុំឱ្យ Influencer ថៃប្រព្រឹត្តទង្វើឥតអៀនខ្មាស់បែបនេះនៅក្រៅប្រទេសទេ ពីព្រោះវាជាសិទ្ធិ ប៉ុន្តែកន្លងមក ក្រសួងទេសចរណ៍ថៃព្យាយាមអំពាវនាវទៅកាន់ជនជាតិថៃដែលធ្វើដំណើរទៅក្រៅប្រទេស សូមកុំធ្វើអ្វីផ្ទុយនឹងវប្បធម៌ ឬច្បាប់ប្រទេសនោះដាច់ខាត ពីព្រោះវានឹងប៉ះពាល់ដល់កិត្តិយសប្រទេសថៃទាំងមូល ។

ជនជាតិថៃទៅកម្សន្តនៅក្រៅប្រទេស មិនត្រូវប្រព្រឹត្តទង្វើមិនសមរម្យ និងជួយគ្នាទប់ស្កាត់ ពីព្រោះគ្រប់ទង្វើអវិជ្ជមាននឹងប៉ះពាល់ដល់មុខមាត់ប្រទេសថៃ ហើយក្រសួងទេសចរណ៍បានព្យាយាមបកស្រាយប្រាប់ប្រទេសនានា រួមទាំងជប៉ុន កុំឱ្យវាយតម្លៃដល់ពលរដ្ឋថៃផ្សេងទៀត ។ បើអាចធ្វើបាន គឺចង់ឱ្យជនជាតិថៃដើរលេងក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ។
គួរបញ្ជាក់ថា វីដេអូរបស់ Influencer ថៃត្រូវបានសារព័ត៌មានថៃផ្សព្វផ្សាយ និងចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម រហូតដល់ផ្ទុះការរិះគន់ពីទង្វើមិនសមរម្យនៅទីសាធារណៈ បង្ហាញពីការមិនគោរពវប្បធម៌បរទេស ខណៈ Influencer រូបនេះសរសេរសារថា «ទោះជាមានអ្នកមើលងាយខ្លួនក៏ដោយ ក៏មិនចាប់អារម្មណ៍ដែរ» ។ រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មាននេះ ដោយសរសេរចំណងជើងថា «Youtuber ថៃបង្កភាពរញ៉េរញ៉ៃនៅជប៉ុន ដោយរាំដោះអាវលើដំបូលរថយន្តមុខហាងលក់ទំនិញនៅភ្នំភ្លើងហ្វូជិ នេះជាការអាម៉ាស់របស់ប្រទេសថៃ» ៕










